(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបើកប្រតិបត្តិការចុះបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បន្ដបន្ទាប់គ្នា ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ (ជនជាតិចិនចំនួន ៣នាក់ និងជនជាតិខ្មែរម្នាក់) រួមជាមួយវត្ថុតាងគ្រឿងញៀនចម្រុះ៥ប្រភេទ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៧ ខែមិថុនានេះថា ជនសង្ស័យទាំង៤នាក់ ដែលត្រូវកម្លាំងជំនាញចាប់ខ្លួនរួមមាន៖ ទី១៖ ឈ្មោះ YANG FAMENG អាយុ៣៤ឆ្នាំ, ទី២៖ ឈ្មោះ WU GUIZHE អាយុ៤៨ឆ្នាំ, ទី៣៖ ឈ្មោះ SHEN GUANG FENG អាយុ៤១ឆ្នាំ និងទី៤៖ ឈ្មោះ ដួង រដ្ឋា អាយុ៣៦ឆ្នាំ។

ក្នុងប្រតិបត្តិការនេះ វត្ថុតាងដកហូតជាសារធាតុញៀនរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ទម្ងន់ ២០៨.៩៥ក្រាម (ទម្ងន់សុទ្ធ), សារធាតុញៀនប្រភេទកេតាមីន (K) ទម្ងន់ ៩៨.១៣ក្រាម (ទម្ងន់សុទ្ធ), សារធាតុញៀនប្រភេទអុិចស្តាសុី (MDMA) ទម្ងន់២០.២០ក្រាម (ទម្ងន់សុទ្ធ), សារធាតុញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់៩.១៦ក្រាម (ទម្ងន់សុទ្ធ) និងកញ្ឆាក្រៀម ទម្ងន់ ០.៨២ក្រាម (ទម្ងន់សុទ្ធ)។

ក្រៅពីនេះ សមត្ថកិច្ចដកហូតបានសម្ភារ មួយចំនួនទៀតដូចជា រថយន្ត LEXUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BI-2755 ចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន៨គ្រឿង, កាតរឹង និងកាតធនាគារ (មួយចំនួន), ម៉ូតូចំនួន១គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៣គ្រឿង, លិខិតឆ្លងដែនចំនួន១ក្បាល, សម្ភារប្រើប្រាស់គ្រឿងញៀន និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុ៕