(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា ការអភិវឌ្ឍនឹងគ្មានចីរភាពឡើយ ប្រសិនបើពុំមាននវានុវត្តន៏ដ៏រស់រវើក (Vibrant Innovation) ទាំងក្នុងវិស័យឯកជន និងសាធារណៈ។

លោករដ្ឋមន្រ្តីប្រតិភូបានលើកឡើងដូច្នេះ នៅក្នុងឱកាសដែលលោករដ្ឋមន្រ្តីប្រតិភូ បានចូលរួមថ្លែងសុន្ទរកថា បើកវេទិកាស្តីពីនវានុវត្តន៍ និងសហគ្រិនភាព សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព (Innovation and Entrepreneurship for Sustainable Development) ដែលរៀបចំឡើង ដោយទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែលជាវេទិកាអមមួយ នៃការអបអរសាទរដល់ខួបលើកទី៣០ឆ្នាំ នៃវត្តមានរបស់ AFD នៅក្នុងប្រទេសកម្ពុជា។

លោក វង្សី វិស្សុត បានលើកឡើងផងដែរថា កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានការងើបឡើងវិញលឿន និងរឹងមាំ ។ ជាក់ស្តែង កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ សម្រេចបានក្នុងអត្រា ៥,២% ដែលគាំទ្រដោយការកើនឡើង នៃសកម្មភាព និងការប្រើ ប្រាស់ក្នុងស្រុក និងកំណើន នៃឧស្សាហកម្មនាំចេញ ដោយសារការងើបឡើងវិញ នៃតម្រូវការពិភពលោក។

លោកបានបន្តថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ត្រូវបានព្យាករថា នឹងបន្តមានកំណើនក្នុងអត្រា ៥,៦% និង ៦,៧% រៀងគ្នា ទោះបីជាត្រូវប្រឈមនឹងហានិភ័យ និងភាពមិន ប្រាកដប្រជានៅក្នុងតំបន់ និងពិភពលោកក្តី។ កំណើននេះ គាំទ្រ ដោយកំណើននៃវិស័យកម្មន្តសាល មិនមែនកាត់ដេរ ដែលរំពឹងថា នឹងនៅតែរឹងមាំ និងកំណើន នៃវិស័យទេសចរណ៍ដែលរំពឹងថា នឹងនៅតែរក្សាបាននូវសន្ទុះកំណើនដូចឆ្នាំមុន ដោយសារបើកឡើងវិញនៃប្រទេសចិន និងភាពល្បីរន្ទឺរ របស់កម្ពុជា តាមរយៈការរៀបចំ ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលនឹងអាចជួយទាក់ទាញភ្ញៀវ ទេសចរឱ្យចូលមក ទស្សនាប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។

លោករដ្ឋមន្រ្តីប្រតិភូ បានបន្តលើកឡើងថា កម្ពុជាត្រូវការនូវវប្បធម៌សហគ្រិនភាពដែលខ្លាំង ដើម្បីជួយឱ្យសេដ្ឋកិច្ចជាតិអាចងើបឡើងរឹងមាំ ហើយអាចជម្នះ បាននូវរាល់បញ្ហា ប្រឈមជាសកលនានា ក៏ដូចជាឧបសគ្គសេដ្ឋកិច្ច ផ្សេងៗ (Economic headwinds)។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល បានធ្វើកិច្ចការ ជាច្រើន ដើម្បីអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ី សម្រាប់លើកស្ទួល សហគ្រិនភាព ក៏ដូចជាការអភិវឌ្ឍវិស័យឯកជនជារួម ដោយឈរលើ ចក្ខុវិស័យដ៏វែងឆ្ងាយ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក វិស័យឯកជន ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និង ជាក្បាលម៉ាស៊ីន នៃកំណើន តាមរយៈការបង្កើតតម្លៃ, ការបង្កើត ការងារ, ការបង្កើត តម្លៃបន្ថែម, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ជាប្រភពនៃនវានុវត្តន៍។

លោកបានបន្តថា នៅក្នុងក្របខណ្ឌខាងលើនេះ ក្នុងរយៈពេលប៉ុន្មាន ចុងក្រោយនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានធ្វើកិច្ចការជាច្រើនផងដែរ ដើម្បីផ្តល់ការគាំទ្រដល់សហគ្រិន, ធុរកិច្ចបង្កើតថ្មី (Start-up) និងសហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង ដូចជា៖ សហគ្រិនខ្មែរ, មូលនិធិអភិវឌ្ឍន៍ជំនាញ, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ, ធនាគារសហគ្រាសធុនតូច និងមធ្យម និង ធនាគារអភិវឌ្ឍជនបទនិងកសិកម្ម ព្រមទាំងសាជីវកម្មធានា ឥណទានកម្ពុជាជាដើម។

ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវក្របខណ្ឌគោលនយោបាយ, យុទ្ធសាស្រ្ត និងច្បាប់ បទប្បញ្ញាត្តិជាច្រើនទៀត ដើម្បីលើកស្ទួយនវានុវត្តន៍ និងសហគ្រិនភាព ក៏ដូចជាដើម្បីកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ជាពិសេសសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដូចជា៖ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥, ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងជាពិសេសច្បាប់វិនិយោគថ្មី ដែលបានផ្តល់ការទឹកចិត្ត ដល់ឧស្សាហកម្មបែបនវានុវត្តន៍ និងបច្ចេកវិទ្យាខ្ពស់ ពាក់ព័ន្ធនឹងនវានុវត្តន៍ ឬការស្រាវជ្រាវ និងការអភិវឌ្ឍ និង STEM ។

លោកបានបន្តលើកឡើងថា ចក្ខុវិស័យជារួម របស់រាជរដ្ឋាភិបាល គឺចង់ឃើញអាជីវកម្មក្នុងស្រុក កាន់តែរីកចម្រើនលូតលាស់ ពីធុរកិច្ចបង្កើតថ្មី ក្លាយទៅជាសហគ្រាស ធុនតូច និងមធ្យម និងពីសហគ្រាសធុនតូចនិងមធ្យម រីកចម្រើនលូតលាស់ ក្លាយទៅជាសហគ្រាសធុនធំ។ ការវិវឌ្ឍរីកចម្រើន បែបនេះពិតជានឹងនាំមកនូវតម្លៃបន្ថែម និងបង្កើនភាពប្រកួតប្រជែង នៅក្នុងសេដ្ឋកិច្ចរបស់យើង ។ ក៏ប៉ុន្តែយើងនៅមានការងារជាច្រើនដែលត្រូវធ្វើ ទាំងក្នុងកម្រិតអន្តរក្រសួង និងកម្រិតផ្សេងទៀត ដើម្បីដោះស្រាយបញ្ហានានា ដែលសហគ្រាសធុនតូច និងមធ្យមកំពុងប្រឈម ក៏ដូចជាសហគ្រិន ។

លោក វង្សី វិស្សុត បន្តមានប្រសាសន៍លើកឡើងថា ពិតណាស់ យើងបានឆ្លងផុត ដំណាក់កាលដំបូងនៃការអភិវឌ្ឍ ប៉ុន្តែយើងត្រូវបន្ត ធ្វើដំណើរ នៅលើផ្លូវដ៏វែងឆ្ងាយ និង មានឧបសគ្គជាច្រើន ។ ប្រការនេះ ទាមទារឱ្យរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធទាំងអស់ត្រូវធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហា ប្រឈមទាំងឡាយ ក៏ដូចជាដើម្បីទ្រទ្រង់ដល់ចលនការនៃការអភិវឌ្ឍប្រទេស ឱ្យនៅបន្តស្ថិតនៅលើគន្លងនៃកំណើនសេដ្ឋកិច្ចខ្ពស់។ ឯកឧត្តមបានបន្តថា ទោះបីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន នៅកំពុងលំបាកក្តី តែយើងក៏សំឡឹងមើលឃើញពីកាលានុវត្តន៍ភាពទីផ្សារនៅពីមុខយើងដែរ តាមរយៈការទិញយក ប្រយោជន៍ឱ្យបាន ជាអតិបរិមាពីកិច្ចព្រមព្រៀងសេរី ទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី ដូចជា៖ RCEP និង FTA ជាមួយចិន, កូរ៉េខាងត្បូង និងប្រទេសដទៃទៀតជាដើម៕