(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យក្រុមហ៊ុនសាជី​វ​ក​ម្មស្ពានថ្នល់ចិន សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រមទាំងការសិក្សាផ្លូវ​ល្បឿន​លឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត ឱ្យបានលឿន ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោ បានជំរុញបែបនេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យលោកលោក ទូ ហ្វី ប្រធានក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន ចូលជួបសម្តែងការគួរសមនៅរសៀលថ្ងៃ​ទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនោះ លោក ទូ ហ្វី បានគោរពថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋ​មន្ត្រី ដែលបានផ្ដល់កិត្តិយសអញ្ចើញជាគណៈអធិបតី បើកការដ្ឋានសាងសង់ផ្លូវល្បឿន​លឿន​ភ្នំពេញ ទៅក្រុងបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខាសិក្សាសាងសង់​ផ្លូវល្បឿន​លឿន ភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត។

ឆ្លៀតក្នុងឱកាសនោះ លោក ទូហ្វី បានបង្ហាញការប្ដេជ្ញាចិត្តថា ក្រុមហ៊ុននឹងជំរុញការ សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន និង​បញ្ជូនក្រុមអ្នកបច្ចេកទេស មកធ្វើការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

សម្ដេចតេជោ បានសម្ដែងការរីករាយជាមួយវត្តមានរបស់ក្រុមហ៊ុន នៅកម្ពុជា ដែល មាន រយៈពេលជាង២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកក្នុងការ​កសាងហេដ្ឋា​រច​នាសម្ព័ន្ធ បានយ៉ាងច្រើន។ ជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានយ៉ាងជោគជ័យ៕