(អ៊ីស្តង់ប៊ុល)៖ ការិយាល័យប្រធានាធិបតីតួកគីបានរាយការណ៍ឱ្យដឹងនៅថ្ងៃពុធថា នៅក្នុងកិច្ចពិភាក្សាតាមទូរសព្ទ លោក Recep Tayyip Erdogan បានស្នើទៅកាន់សមភាគីអ៊ុយក្រែន អំពីការបង្កើតគណៈកម្មាការអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតការបំផ្លិចបំផ្លាញទំនប់វារីអគ្គីសនី នៅភាគខាងត្បូងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣។

ទីក្រុងម៉ូស្គូ និងក្រុងកៀវបានធ្វើការស្តីបន្ទោសទៅវិញទៅមក ចំពោះការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនី Kakhovka ដែលត្រូវផ្ទុះដាច់ចេញពីគ្នាពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីការផ្ទុះមួយ។

ការិយាល័យប្រធានាធិបតីបានិយាយយ៉ាងដូច្នេះថា «ប្រធានាធិបតី Erdogan បាននិយាយថា គណៈកម្មាធិការមួយអាចត្រូវបានបង្កើតឡើង ដោយមានការចូលរួមពីអ្នកជំនាញមកពីភាគីសង្រ្គាម អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ រួមទាំងប្រទេសតួកគី ដើម្បីធ្វើការស៊ើបអង្កេតលម្អិតលើការផ្ទុះដែលបានកើតឡើងនៅទំនប់ Kakhovka»។

ទំនប់វារីអគ្គិសនី Kakhovka ស្តុកទឹកក្នុងបរិមាណស្មើទៅនឹង ​បឹង Great Salt Lake នៅឯរដ្ឋយូតា (Utah) របស់សហរដ្ឋអាមេរិក ហើយវាក៏ផ្គត់ផ្គង់ទឹកផងដែរ ទៅកាន់តំបន់គ្រីមៀ ដែលត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ និងទៅកាន់ស្ថានីយថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរិចហ្ស៉ីយ៉ា (Zaporizhzhia) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី ដូចគ្នា។

ការបំផ្លិចបំផ្លាញនៃទំនប់នេះបណ្តាលឱ្យទឹកហូរហូរចូលទៅក្នុងទន្លេ Dnipro ដែលជំរុញឱ្យជនស៊ីវិលរាប់ពាន់នាក់ភៀសខ្លួនចេញពីតំបន់លិចទឹក។ ក្រុមមន្ត្រីអ៊ុយក្រែនបានប៉ាន់ប្រមាណថា មនុស្សប្រហែល ៤២,០០០នាក់កំពុងប្រឈមនឹង ហានិភ័យពីទឹកជំនន់ ដែលគេរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅថ្ងៃពុធនេះ៕