(សៀមរាប)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានថ្លែងលើកទឹកចិត្តឲ្យយុវជន រៀនបង្កើតក្តីសុបិនរបស់ខ្លួន និងរស់នៅប្រកបដោយក្តីសង្ឃឹម ដោយព្យាយាមរៀនសូត្រ និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីអប់រំ ស្តីពីសុខភាពភ្នែក កំហុសកំណុំរូបភាព ដល់សិស្សានុសិស្សថ្នាក់ទី១១ នៃវិទ្យាល័យអង្គរ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក ចំនួនប្រហែល ៥០០នាក់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

កម្មវិធីរៀបចំ ដោយនាយកដ្ឋានស្រ្តី និងសុខភាពនៃក្រសួងកិច្ចការនារី សហការជាមួយមន្ទីរកិច្ចការនារីខេត្តសៀមរាប ក្រសួង/មន្ទីរ និងស្ថាប័នជំនាញ រួមមាន៖ ក្រសួង/មន្ទីរ សុខាភិបាល ក្រសួង/មន្ទីរអប់រំ យុវជន និងកីឡា កម្មវិធីជាតិសុខភាពភ្នែក គណអភិបាលខេត្ត សាលាវិទ្យាល័យអង្គរ និងអង្គការដៃគូ ដោយមានការគាំទ្រពី USAID និង AT Scale តាមរយៈអង្គការមូលនិធិហ្រ្វេដ ហូឡូ។

កម្មវិធីនេះ រៀបចំឡើង ដើម្បីផ្តល់ចំណេះដឹងដល់សិស្សានុសិស្សទាំងអស់ ឲ្យយល់ដឹងកាន់តែច្បាស់ពីសុខភាពភ្នែក ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប និងជួយដោះស្រាយបញ្ហាកំហុស កំណុំរូបភាព ដែលធ្វើឲ្យយើងមើលឃើញមិនច្បាស់ ទៅជាមើលឃើញច្បាស់។

បញ្ហាកំហុសកំណុំរូបភាព មាន ៤ប្រភេទ៖
* ភ្នែកម៉្ញូប ( ភ្នែកមើលឆ្ងាយមិនច្បាស់ តែមើលជិតច្បាស់)
* ភ្នែកប្រេះប៊ីត៖ (មើលវត្ថុតូចៗនៅទីជិតមិនច្បាស់។ វាកើតឡើងចំពោះមនុស្សមានវ័យចាប់ពីអាយុ៤០ឡើងទៅតែមើលឆ្ងាយមានលក្ខណៈធម្មតា)
* ភ្នែកអាស្ទិកម៉ាត៖ (មើលជិត ឬមើលឆ្ងាយមិនច្បាស់ ឃើញរូបភាពជាស្រមោល ព្រិល ជារលក ឬផ្អៀងៗ)
* ភ្នែកអ៊ីពែរម៉េត្រូបៈ (មើលទាំងជិត និងឆ្ងាយមិនច្បាស់)។

បញ្ហាកំហុសកំណុំរូបភាពទាំង៤ប្រភេទខាងលើនេះ គឺយើងអាចបង្ការបាន តាមរយៈការប្រើប្រាស់វ៉ែនតា ឲ្យបានត្រឹមត្រូវ ដូចនេះត្រូវយកចិត្តទុកដាក់ថែរក្សាភ្នែករបស់អ្នក។ តួលេខនៅប្រទេសកម្ពុជាបង្ហាញថា ជាង៩០ភាគរយ នៃភាពពិការភ្នែកអាចបង្ការបាន ។

យោងតាមការអង្កេតរហ័ស ពីស្ថានភាពពិការភ្នែកដែលអាចបង្ការបាននៅឆ្នាំ២០១៩ បានបង្ហាញថា អត្រាប្រ៉េវ៉ាឡង់នៃភាពពិការភ្នែកត្រូវបានប៉ាន់ស្មានថា មានប្រមាណជា០.៣៧% ក្នុងចំណោម ប្រជាជនទូទៅក្នុងប្រទេសកម្ពុជា ហើយមូលហេតុសំខាន់នៃគំហើញចុះខ្សោយ និងភាពពិការភ្នែក គឺមានរហូតដល់ ៨០.៤% ដែលបណ្តាលមកពីជំងឺបាយភ្នែក និងជំងឺភ្នែកកំហុសកំណុំរូបភាព។

ម៉្យាងទៀត ការយល់ដឹងពីសុខភាពភ្នែក និងសេវានៅមានកម្រិត (ក្នុងចំណោមប្រជាជនដែលមិនទៅទទួលសេវា មានប្រមាណជា ៧៥% ដោយសារមិនទទួលបានព័ត៌មានទាក់ទងនឹងការថែទាំសុខភាពភ្នែក)។

ការអង្កេតដាច់ដោយឡែកមួយទៀត អំពីបញ្ហាកំហុសកំណុំរូបភាពក្នុងចំណោមកុមារតាមសាលារៀន លើក្រុមអាយុ១១ដល់១៤ឆ្នាំ នៅកម្ពុជាក្នុងឆ្នាំ២០១២បង្ហាញថា កុមារនៅតាមទីប្រជុំជន/ទីក្រុង ប្រមាណជា១៣% មានបញ្ហាកំហុសកំណុំរូបភាព (ឬ ភ្នែកម៉្ញូប)។

កម្មវិធីនេះ ជាផ្នែកមួយនៃគម្រោង «បង្កើនវិសាលភាពនៃសេវាកំហុសកំណុំរូបភាព» លោកស្រីកិត្តិបណ្ឌិត បានលើកឡើងថា ភ្នែកគឹជាសរីរាង្គដ៏សំខាន់របស់មនុស្សគ្រប់រូប ជាពិសេសជួយដល់យុវជន ក្នុងការទទួលចំណេះដឹង និងជំនាញបដិវត្តឧស្សាហកម្ម ៤.០ សម្រាប់អភិវឌ្ឍន៍ខ្លួនក្នុងសម័យឌីជីថល។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានឲ្យដឹងថា ដោយសារសន្តិភាព យុវជនមានឱកាសរៀនសូត្រ ដើម្បីប្រកួតប្រជែងជាមួយធនធានក្នុងតំបន់ និងសកលលោក។ លោកស្រី បានលើកទឹកចិត្តឲ្យយុវជន រៀនបង្កើតក្តីសុបិនរបស់ខ្លួន និងរស់នៅប្រកបដោយក្តីសង្ឃឹម ដោយព្យាយាមរៀនសូត្រ និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ក៏បានផ្តល់អនុសាសន៍មួយចំនួន ក្នុងការថែរក្សាភ្នែកឲ្យបានល្អ ដូចខាងក្រោម៖
* ប្រសិនបើក្មួយៗមានបញ្ហាពិបាកក្នុងការមើលទោះមើលជិត ឬមើលឆ្ងាយ មើលមិនច្បាស់ មើលទៅព្រាលៗ សូមក្មួយៗប្រញាប់ទៅជួបគ្រូពេទ្យជំនាញឯកទេសភ្នែក ដើម្បីជួយក្មួយៗ ឲ្យមើលឃើញបានច្បាស់ល្អឡើងវិញ។
* សូមក្មួយៗ យកចិត្តទុកដាក់ក្នុងការថែទាំសុខភាពភ្នែក និងប្រើប្រាស់ភ្នែកឲ្យបានត្រឹមត្រូវ (បើអានអក្សរ ឬមើលជិត រៀងរាល់ ២០នាទី ក្មួយៗត្រូវក្រឡេកភ្នែកមើលឆ្ងាយ ឲ្យបាន២០ វិនាទី)
* កុំលេងហ្គេមអេឡិចត្រូនិក មើលទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទដៃ លើសពី ២ម៉ោងក្នុង១ថ្ងៃ
* ត្រូវអង្គុយមើលទូរទស្សន៍យ៉ាងតិចប្រហែល៣ម៉ែត្រពីទូរទស្សន៍ និងពេលមើលទូរទស្សន៍ត្រូវឧស្សាហ៍ព្រិចភ្នែក។

ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ក៏បានផ្តល់សៀវភៅចំនួន ២ក្បាល ប៊ិក ១ដើម និងថវិកា ៥ពាន់រៀល ដល់សិស្សម្នាក់ៗផងដែរ៕