(ភ្នំពេញ)៖ សកម្មជនគណបក្សប្រឆាំង អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនចំនួន៣១នាក់ បានស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់ បានមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿន ដូចពេលសព្វថ្ងៃនេះ។
ពួកគាត់ទាំង ៣១នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រៃយ៍គណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា ការសម្រេចចិត្តរបស់បងប្អូន គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយបងប្អូនបានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិ។ យើងដាច់ខាតត្រូវការពារសន្តិភាព ឲ្យបានគង់វង់ ទោះក្នុងតម្លៃណាក៏ដោយ។ មានសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍប្រទេស ឲ្យរីកចំរើនជឿនលឿនបាន។
លោក ឃួង ស្រេង បានសូមឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង៣១រូប ជួយផ្សព្វផ្សាយអំពីអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា លោកបញ្ជាក់ថា មិនបាច់ឃោសនាអីច្រើនទេ គឺសុំនិយាយតែការពិត ដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺគ្រប់គ្រាន់ហើយ និងសូមឲ្យសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
គួរបញ្ជាក់ថា សកម្មជនគណបក្សប្រឆាំង អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ចំនួន៣១នាក់ ដែលស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ មកពី ៤ខណ្ឌ គឺខណ្ឌចំការមន, ខណ្ឌ៧មករា, ខណ្ឌប្ញស្សីកែវ និងខណ្ឌកំបូល៕