(សៀមរាប)៖ កិច្ចប្រជុំសាមញ្ញាលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ បានរៀបចំធ្វើឡើងនារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលខេត្ត និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអាជ្ញាធរអប្សារា និងលោក លោកស្រី អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្តចូលរួម តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ZOOM។

បន្ទាប់ក្រុមប្រឹក្សាខេត្ត បានអនុម័តទៅរបៀបវារៈ ទាំង៤ចំណុច និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៨ និងរបាយការប្រចាំខែឧសភា របស់រដ្ឋបាលខេត្តរួចមក សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងនូវបញ្ហាមួយចំនួន លើការមិនទាន់តម្លើងបង្គោលភ្លើងបំភ្លឺដងផ្លូវ បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ សំខាន់កុមារនៅរដូវភ្លៀងធ្លាក់ ពីជម្ងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈិក ព្រមទាំងបញ្ហានៅពេលមានផ្គរន្ន្ទះ និងស្នើសុំធ្វើការកែតម្រូវខ្លឹមអត្ថន័យនៅក្នុងរបាយការណ៍ផងដែរ។

លោក ទៀ សីហា បានធ្វើការបកស្រាយបំភ្លឺ និងអនុញ្ញាតដល់លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការបំភ្លឺជូនអង្គប្រជុំផងដែរ។ ក្នុងនោះដែរ តំណាងអាជ្ញាធរជាតិអប្សរា ក៏បានធ្វើការបំភ្លឺ នូវរាល់បញ្ហាក្នុងការទប់ស្កាត់ លើការសាងសង់សំណង់ខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងការរុះរើផងដែរ។ លោក ទៀ សីហា បានបន្តថា អាជ្ញាធរក្រុង/ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីសុខមាភាពរបស់ប្រជាពលរដ្ឋ នៅក្នុងរដូវមានភ្លៀង តែងតែបង្កឲ្យកើតមានជម្ងឺគ្រុនចាញ់ គ្រុនឈាម និងគ្រុនឈិក សំខាន់លើកុមារ ក៏ដូចមនុស្សគ្រប់វ័យ។

លោក ទៀ សីហា បានស្នើរដល់អាជ្ញាធរជាតិអប្សរា សុំឲ្យមានការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលស្ម័ត្រចិត្តផ្លាស់ទៅកាន់ទីតាំងថ្មី ភូមិអភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ ក្នុងការរុះរើផ្ទះសម្បែងបងប្អូន ក្នុងរដូវភ្លៀងធ្លាក់ ដែលបង្កការលំបាកដល់បងប្អូន។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ សុំកុំឆ្លៀតយកឱកាសក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ទៅប្រព្រឹត្តិអំពើអ្វីដែលផ្ទុយទៅនឹងច្បាប់ របស់អាជ្ញាធរជាតិអប្សរា ឬក៏ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដែលនាំឲ្យខូចខាតដល់ផលប្រយោជន៍។ ដោយឡែក អាជ្ញាធរជាតិអប្សរា នូវរាល់កិច្ចការត្រូវមានកិច្ចសហការជាមួយអាជ្ញាធរខេត្ត ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តការងារ ដើមី្បឲ្យកិច្ចដំណើរការទៅបានជោគជ័យ។

លោកក៏បានធ្វើការជំរុញដល់អាជ្ញាធរក្រុង ស្រុក ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមធ្វើអនាម័យ បរិស្ថាន បំបាត់ទីជម្រកមូសខ្លា ដែលភ្នាក់ងារចម្លងជម្ងឺគ្រុន ឈាម គ្រុនចាញ់ គ្រុនឈិក និងជំរុញដល់បងប្អូនប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងប្រឆាំងជម្ងឺកូវិដ១៩ ចាប់ពីដូលមូលដ្ឋានទៅដូសបន្តបន្ទាប់ ពីកុមារចាប់ពីអាយុ៣ឆ្នាំឡើងទៅ។

ទន្ទឹមនឹងនោះដែរលោក អ៊ាន ឃុន បានលើកឡើងតាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៤៩របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។ លោកក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកទាំងអស់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ZOOM ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ។

ជាមួយនេះដែរ លោកក៏បានធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្ត ដែលបានខិតខំអភិវឌ្ឍន៍ខេត្ត ឲ្យមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីខេត្តសៀមរាប ព្រមទាំងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕