(ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សា ការងារជាមួយលោក Ahmed bin Ali Al Sayegh រដ្ឋលេខាធិការក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងឱកាសដែលគាត់មកចូលរួម កិច្ចប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការ តាមវិស័យអាស៊ាន-អេមីរ៉ាតអារ៉ាប់រួមលើកដំបូង។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកំពុងបន្ត ដើម្បីពង្រឹងភាពជាដៃគូតាមវិស័យរវាងអាស៊ាន និងអេមីរ៉ាត់អារ៉ាប់រួម និងបានស្វែងរកវិធីនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ប្រយោជន៍ និងការចាប់អារម្មណ៍រួម។

នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមផ្តល់សន្ទរកថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ១៦ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។

នៅក្នុងសន្ទរកថា លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីវិស័យសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងភាពជាដៃគូរវាងអាស៊ាន និង ERIA រួមទាំង មជ្ឈភាពអាស៊ាន និងសារៈសំខាន់ នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សម្រាប់អាស៊ាន និងពិភពលោក។

នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារ ជាមួយលោក Richard Graham MP ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចអាស៊ាន។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីវឌ្ឍនភាពរួម នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-អង់គ្លេស សមាហរណកម្មសេដ្ឋកិច្ចតំបន់ ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស។

នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរខួបអនុស្សាវរីយ៍ ១៥ឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។

នៅក្នុងពិធីជប់លៀងនោះ លោកអគ្គលេខាធិការអាស៊ាន បានថ្លែងនូវសារអបអរចំពោះ ERIA ដែលបានធ្វើដំណើរមកដល់ចំណុចនេះ ហើយទន្ទឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ERIA ដើម្បីផ្តល់នូវការចូលរួមចំណែកដ៏វិជ្ជមានកាន់តែច្រើន ដល់សមាហរណកម្មផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ាន និងក្រៅតំបន់៕