(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោក ឈុន ឈន់ ជំរុញអាជ្ញាធរខេត្តកំពង់ធំ ធ្វើការដោះស្រាយបញ្ហាទំនាស់ ក្រៅប្រព័ន្ធតុលាការឲ្យបានច្រើន។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក ញ៉ឹក បានខេង អភិបាលរងខេត្ត លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

លោកបញ្ជាក់ថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺធ្វើការសម្របសម្រួលឲ្យភាគីទាំងសងខាង ទទួលយកភាពឈ្នះឈ្នះទាំងអស់គ្នា។ ដោយឡែកការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវជ្រើសរើសយកមនុស្សដែលមានសញ្ញាបត្រផ្នែកច្បាប់ ដើម្បីយល់ដឹងអំពីនីតិវិធីផងដែរ។

លោក ឈុន ឈន់ បានជំរុញឲ្យមន្ត្រីគ្រប់រូបត្រូវធ្វើខ្លួនជាមន្ត្រីល្អ ជាអ្នកធ្វើការបម្រើស្ថាប័ន អង្គភាពឲ្យមានការរីកចម្រើន និងបម្រើប្រជាពលរដ្ឋឲ្យបានពិតប្រាកដ ត្រូវបន្តជួយថែរក្សាសន្តិភាពឲ្យបានគង់វង្សស្ថិតស្ថេរ និងជួយគាំពារជនងាយរងគ្រោះ។

លើសពីនេះត្រូវបន្តយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើន ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខេត្តបានលើកយករបៀបវារៈដូចខាងក្រោម៖

១៖ ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៤៧ របស់ក្រុមប្រឹក្សាខេត្ត
២៖ ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ ឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត
៣៖ ពិនិត្យ និងអនុម័ត លើការស្នើសុំតែងតាំងមន្ត្រីរាជការ ជាប្រធានផ្នែកច្បាប់និងស៊ើប- អង្កេតនៃការិយាល័យប្រជាពលរដ្ឋ
៤៖ បញ្ហាផ្សេងៗ៕