(ភ្នំពេញ)៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានឈានដល់ការចុះហត្ថលេខាជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ខណៈកិច្ចព្រមព្រៀងនេះត្រៀមចុះហត្ថលេខានៅថ្ងៃស្អែក រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និង លោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi)រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពិនិត្យលើលទ្ធភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

កិច្ចពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ ធុរជន និងវិនិយោគិន នៃប្រទេសទាំងពីរ ជាច្រើនរូប ផងដែរ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះថា កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដ៏ទៃទៀតក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើងដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ចំពោះទំនិញសំខាន់ៗរបស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។

លោកបន្តថា ទន្ទឹមគ្នានេះ កម្ពុជា អាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអទិភាពដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។

លើសពីនេះទៅទៀតកម្ពុជា ក៏អាចទាក់ទាញក្រុមហ៊ុនវិនិយោគរបស់អេមីរ៉ាតអារ៉ាប់រួម និងច្បាមយកកំណើនភ្ងៀវទេសចរពីប្រទេសនេះបានផងដែរ។

ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនាពេលខាងមុខ។

ជាមួយគ្នានេះ វិនិយោគិន និងធុរជនអេមីរ៉ាតអារ៉ាប់រួម ដែលមកពីវិស័យថាមពល កសិកម្ម កំពង់ផែ ភស្តុភារ ការដឹកជញ្ជូន និងក្រុមប្រឹក្សាវិនិយោគ ក៏បានធ្វើការណែនាំខ្លួនជូនដល់កិច្ចប្រជុំ និងជម្រាបជូនអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការតាមវិស័យរបស់ខ្លួន ដែលអាចធ្វើកិច្ចសហប្រតិបត្តិការបានជាមួយវិនិយោគិន និងធុរជនកម្ពុជា នាពេលខាងមុខ៕