(បន្ទាយមានជ័យ)៖ អតីតសមាជិកគណបក្សភ្លើងទៀន និងគណបក្សប្រឆាំងផ្សេងៗទៀត ចំនួន៧៣៤នាក់ នៅក្រុងសិរីសោភ័ណ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជជនកម្ពុជា។
ក្រោយស្នើសុំចូលរួមជីវភាពនយោបាយហើយនោះ អតីតសមាជិកគណបក្សប្រឆាំងទាំងអស់នោះ ត្រូវបានប្រកាសបញ្ជូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាផ្លូវការ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក អ៊ុំ រាត្រី ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
អតីតសមាជិកគណបក្សប្រឆាំង ទាំង៧៣៤នាក់នោះ រួមមាន៖ គណបក្សភ្លើងទៀន ចំនួន៣៨១នាក់ ស្រី១៦៨នាក់, គណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន១៤៦ ស្រី៧៩នាក់, គណបក្សរួបរួមជាតិ ចំនួន២០០នាក់ ស្រី១២៨នាក់ និងគណបក្សផ្សេងៗ ចំនួន៧នាក់ ស្រី៤នាក់។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានលើកឡើងថា អតីតសមាជិកគណបក្សប្រឆាំង ដែលបានមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ លោកបានចាត់ទុកការសម្រេចចិត្ត របស់ពួកគេ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីរួមគ្នាកសាង និងអភិវ្ឍន៍ប្រទេសជាតិ ជាមួយគណបក្សប្រជាជន និងរាជរដ្ឋាភិបាល។ លោកបានបន្ថែមទៀតថា ការបោះឆ្នោតមានគណបក្សជាច្រើនបានចូលរួម ប៉ុន្តែគណបក្សប្រជាជននៅតែជាតួអង្គដ៏សំខាន់ ដែលអាចធានាបានសុខសន្តិភាពយូរអង្វែងសម្រាប់ប្រជាជន៕