(ភ្នំពេញ)៖ បណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធានក្រុមការងារចម្រុះ ដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មី សម្រាប់បារី (ក្រុមការងារចម្រុះតែមប្រិ៍) រួមជាមួយលោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ហ៊ុល ប៊ុនថា អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ដែលជាអនុប្រធានក្រុមការងារ បានដឹកនាំអនុក្រុមការងារចម្រុះទី១ ចុះអប់រំ ណែនាំ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករ ប្រភេទថ្មីសម្រាប់បារី ដល់បណ្តាអាជីវករលក់បារីនៅតាមផ្សារទំនើប និងហាងមួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងពេលចុះបំពេញសកម្មភាពការងារនេះ បណ្ឌិត ម៉ិញ បានកុសល សហប្រធានក្រុមការងារចម្រុះ បានជម្រាបជូនដល់បណ្តាអាជីវករលក់បារីទាំងនោះថា គ្រប់ផលិតផលបារីទាំងអស់ ត្រូវតែមានបិទតែមប្រិ៍អាករ ឱ្យបានត្រឹមត្រូវរួចរាល់មុន ពេលបញ្ចេញពីរោងចក្រ និងដាក់លក់នៅលើទីផ្សារ ដោយបារីផលិតក្នុងស្រុកត្រូវបិទតែមប្រិ៍របស់ អគ្គនាយកដ្ឋានពន្ធដារ និងបារីនាំចូលត្រូវបិទតែមប្រិ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ការដាក់លក់បារីដែលមិនមានបិទតែមប្រិ៍អាករ បិទតែមប្រិ៍អាករក្លែងក្លាយ ឬបិទតែមប្រិ៍អាករចាស់ គឺជាអំពើខុសច្បាប់ ដែលអ្នកប្រព្រឹត្ត(អ្នកលក់បារី) រួមទាំងអ្នកផលិត ឬអ្នកនាំចូលបារីទាំងនោះ ត្រូវប្រឈមមុខនឹងច្បាប់។ ដូចនេះ លោកបណ្ឌិតសហប្រធាន បានណែនាំដល់អាជីវករទាំងនោះថា មិនត្រូវទិញ ឬដាក់លក់បារីដែលមិនមានបិទតែមប្រិ៍ត្រឹមត្រូវនោះទេ ព្រោះថាក្នុងពេលឆាប់ៗខាងមុខ ក្រុមការងារចម្រុះតែមប្រិ៍នឹងចុះត្រួតពិនិត្យការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី ហើយបើពិនិត្យឃើញមានបារី ដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ ក្រុមការងារចម្រុះតែមប្រិ៍នឹងរឹបអូសភ្លាមៗ ហើយម្ចាស់បារីទាំងនោះនឹងត្រូវទទួលរងនូវការផាកពិន័យជាប្រាក់រួម និងទោសទណ្ឌផ្សេងៗទៀតស្របតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ លោកបណ្ឌិតសហប្រធានក៏បានបង្ហាញអំពីលក្ខណៈពិសេសរបស់សន្លឹកតែមប្រិ៍អាករ ដោយបានបញ្ជាក់ថា ទាំងសន្លឹកតែមប្រិ៍ របស់ អគ្គនាយកដ្ឋានពន្ធដារ (សម្រាប់បារីផលិតក្នុងស្រុក) និងសន្លឹកតែមប្រិ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (សម្រាប់បារីនាំចូល) ត្រូវបានផលិតឡើងដោយប្រើប្រាស់ក្រដាសដែលមានគុណភាពល្អ ដោយភ្ជាប់ជាមួយ QR Code និងបង្កប់នូវចំណុចសុវត្ថិភាពសំខាន់ៗជាច្រើន ដែលមិនអាចថតចម្លង ឬក្លែងបន្លំបានឡើយ។

លោកបណ្ឌិតសហប្រធានក៏បានផ្តាំដល់អាជីវករទាំងនោះផងដែរថា ក្នុងករណីមានតម្រូវការតែមប្រិ៍ ក្រុមហ៊ុនអាចដាក់ពាក្យស្នើសុំទិញមក អគ្គនាយកដ្ឋានពន្ធដារ សម្រាប់បារីផលិតក្នុងស្រុក និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រាប់បារីនាំចូល ឬអាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទដែលមាននៅលើខិត្តប័ណ្ណផ្សព្វផ្សាយក្នុងករណីមានចម្ងល់ផ្សេងៗ។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការចុះអប់រំ ណែនាំ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី ក្រុមការងារចម្រុះតែមប្រិ៍ បានបែងចែកជាអនុក្រុមការងារទទួលបន្ទុក៥តំបន់ផ្សេងៗគ្នា ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមការងារចម្រុះតែមប្រិ៍ បានចុះចែក ខិត្តប័ណ្ណផ្សព្វផ្សាយ អប់រំ និងណែនាំអំពីការអនុវត្តកាតព្វកិច្ច បិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី ដល់អាជីវករ លក់បារីនៅតាមផ្សារ ផ្សារទំនើប និងទីតាំងលក់ដុំនិងរាយ បានចំនួន ១ ៣០៥ទីតាំង ដោយក្នុងនោះ៖ រាជធានីភ្នំពេញ ១៦២ទីតាំង ខេត្តកំពង់ស្ពឺ ៦០ទីតាំង ខេត្តកណ្តាល ៤៧ទីតាំង ខេត្តតាកែវ ៣៨ទីតាំង ខេត្តកែប ៤០ទីតាំង ខេត្តកំពត ៦៥ទីតាំង ខេត្តព្រះសីហនុ ៨៨ទីតាំង ខេត្តកោះកុង ១៩ទីតាំង ខេត្តកំពង់ឆ្នាំង ៥១ទីតាំង ខេត្តពោធិ៍សាត់ ៨១ទីតាំង ខេត្តបាត់ដំបង ៧៨ទីតាំង ខេត្តប៉ៃលិន ៩ទីតាំង ខេត្តព្រៃវែង ៦៧ទីតាំង ខេត្តស្វាយរៀង ៨២ទីតាំង ខេត្តស្ទឹងត្រែង ៦៥ទីតាំង ខេត្តក្រចេះ ៤៥ទីតាំង ខេត្តត្បូងឃ្មុំ ៥៨ទីតាំង ខេត្តសៀមរាប ៦៩ទីតាំង ខេត្តកំពង់ធំ ៤៣ទីតាំង ខេត្តកំពង់ចាម ៣៨ទីតាំង ខេត្តបន្ទាយមានជ័យ ៤៥ទីតាំង ខេត្តឧត្តរមានជ័យ ២២ទីតាំង និងខេត្តព្រះវិហារ ៣៣ទីតាំង។

ដោយឡែក អាជីវកម្មដ្ឋានលក់បារី នៅតាមបណ្តាខេត្តផ្សេងៗទៀត ក្រុមការងារនឹងបន្តចុះជាបន្តបន្ទាប់ តាមផែនការសកម្មភាពការងារដែលបានដាក់ចេញ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារចម្រុះ ដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី សូមអំពាវនាវដល់លោក លោកស្រី ជាម្ចាស់សហគ្រាសផលិត ឬនាំចូល អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយបារីទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបញ្ឈប់ទាំងស្រុងនូវការផលិត នាំចូល ចែកចាយ ឬលក់បារីដែលមិនមានបិទតែមប្រិ៍អាករប្រភេទថ្មី ឬបិទតែមប្រិ៍អាករក្លែងក្លាយ ឬតែមប្រិ៍អាករដែលប្រើប្រាស់រួច ដោយត្រូវចូលរួមអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មី សម្រាប់បារីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ បើពុំនោះទេនឹងត្រូវទទួលរងនូវទោសទណ្ឌផ្សេងៗស្របតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗជាធរមាន៕