(កំពង់ឆ្នាំង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកទឹកចិត្តឲ្យកម្មករ កម្មការិនីទាំងអស់ ត្រូវហ៊ានចង្អុលមុខក្រុមអ្នកនយោបាយប្រឆាំង ដែលរារាំងបរទេសកុំឲ្យមកវិនិយោគ កុំឲ្យទិញទំនិញ និងកាត់ផ្ដាច់ ឬដាក់ទណ្ឌកម្មមកលើកម្ពុជា។

ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង, សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ក្រុមអ្នកនយោបាយប្រឆាំងទាំងអស់នោះហើយ ដែលបំផ្លាញជីវភាពកម្មករ កម្មការិនី ដើម្បីតែអំណាចដែលពួកគេចង់បានដោយមិនខ្វល់ពីអ្វីទាំងអស់ ហើយក៏ជាសត្រូវរបស់កម្មករ កម្មការិនី។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្មួយៗ កម្មការត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាក៏ដោយ ដែលទៅចលនាបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា កុំឲ្យទិញទំនិញពីកម្ពុជា។ ក្មួយៗចង្អុលមុខហើយនិយាយថា ពួកឯងហ្នឹងហើយបំផ្លាញអញ គ្មានអ្នកណាផ្សេងក្រៅពីហ្នឹងទេ»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មិនយកចិត្តទុកដាក់ធ្វើទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងៗទេនោះ ប្រហែលជាកម្មករ កម្មការិនីអាចនឹងបាត់បង់ការងារធ្វើ។ រាប់ទាំងដំណាក់កាលកូវីដ១៩ បើរាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ការពារកម្មករ កម្មការិនី តាមរយៈវិធានការ៣ការពារ និង៣កុំ និងផ្ដល់វ៉ាក់សាំងទេនោះ ម្ល៉េះពេលនេះកម្មករ កម្មការិនី អាចវិលទៅធ្វើស្រែចំការ ប៉ុន្ដែពេលនេះរោងចក្រទាំងឡាយបាននិងកំពុងបន្ដបើកទ្វារ ហើយបន្ដមានការងារធ្វើ។

ត្រង់ចំណុចនេះហើយ បានជាសម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ទង្វើរបស់ក្រុមអ្នកនយោបាយប្រឆាំង គឺផ្ទុយស្រឡះពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពោលរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីផ្ដល់ឱកាសឲ្យមានការវិនិយោគ មានរោងចក្រ សហគ្រាស ហើយប្រជាពលរដ្ឋមានការងារធ្វើ និងទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដោយការកោតសរសើរដល់អ្នកនយោបាយបរទេស បើទោះបីគេប្រឆាំងជាមួយរដ្ឋាភិបាល ប៉ុន្ដែគេមិនដែលអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្មលើប្រទេសរបស់គេនោះទេ។ ផ្ទុយពីអ្នកនយោបាយបរទេស ក្រុមអ្នកនយោបាយជ្រុលនិយមនៅកម្ពុជា ក៏ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីតែចង់បានអំណាចហា៊នធ្វើអ្វីទាំងអស់ ដោយមិនគិតដល់ប្រទេស និងប្រជាជនខ្លួន រហូតអំពាវនាវឲ្យបរទេសដាក់សម្ពាធ ដាក់ទណ្ឌកម្ម និងឈប់បញ្ជាទិញទំនិញដែលជាការផលិតរបស់កម្ពុជាទៅវិញ។

គួរជម្រាបថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបន្តរក្សាបានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍលើគ្រប់វិស័យ សង្គម និងសេដ្ឋកិច្ចជាតិបន្តមានការរីកចម្រើនគួរជាទីមោទនៈ។ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមក្នុងអត្រា ៧% ជាង ២ទស្សវត្ស លើកលែងតែក្នុងអំឡុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។

បច្ចុប្បន្ន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧,២៥៦សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ១,៥លាននាក់។ នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួនត្រឹមតែ ៦៤ ដែលមានកម្មករនិយោជិត ប្រមាណ៨ម៉ឺននាក់ ការនាំចេញមានចំនួន ២២៧លានដុល្លារអាមេរិក។

នៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១៣២៦ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី៦៦ម៉ឺននាក់) ការនាំចេញមានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារ (ឆ្នាំ២០២២) ដែលក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួន ៧២៧រោងចក្រ មានកម្មករនិយោជិត ចំនួនប្រមាណ៣៤ម៉ឺននាក់ (ស្រី ២៦ម៉ឺននាក់)៕