(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ​បានប្រកាសផ្តល់ប្រាក់ចំនួន ២ម៉ឺនដុល្លារ ជូនកម្មករណា ដែលត្រូវថៅកែរោងចក្រកាត់ប្រាក់ខែ បើសិនពួកគេមិនបានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេច។

ការប្រកាសផ្តល់ប្រាក់នេះឆ្លើយតបនឹងមនុស្សមា្នក់ ដែលសម្តេចហៅថា «អាក្មេងពាល» នៅប្រទេសបារាំង ដែលរូបគេបង្ហោះថា កម្មកររងការកាត់ប្រាក់ខែ ២០ដុល្លារ បើសិនមិនមកចូលរួមក្នុងពិធីសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន។

សម្តេចបញ្ជាក់ថា ការអំពាវនាវដល់កម្មករណា ដែលត្រូវកាត់ប្រាក់ខែឲ្យចេញមុខនេះ ដើម្បីស៉ើបអង្កេតឲ្យបានច្បាស់ថា មានករណីកាត់ប្រាក់ខែពិត ឬមិនពិត។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មានអាក្មេងពាលមួយនោះ វាបង្ហោះថាមិនបានមកចូលរួម [ជួបសំណេះសំណាលជាមួយសម្តេច] គេកាត់ប្រាក់ខែកម្មករ ២០ដុល្លារ ឥឡូវអ្នកណាដែលគេកាត់ប្រាក់ខែ ដែលមិនបានមកនោះ សូមបញ្ចេញឈ្មោះមក ហើយអំពាវនាវកម្មករណា ដែលមិនបានមកជួបពូហើយ គេកាត់ប្រាក់ចេញមុខមក ពូនឹងសង។ អ្នកឯងបាត់បង់ ២០ដុល្លារ ខ្ញុំឲ្យអ្នកឯង ២ម៉ឺនដុល្លារ ឲ្យតែចេញមុខមក ដើម្បីខ្ញុំក៏ចង់ដឹងតែវាមានអំពើនេះ ពិតឬអត់?»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សេន បានចាប់ផ្តើមចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។ គិតទាំងជំនួបថ្ងៃទី៨ ខែមិថុនានេះ ជាជំនួប៦លើក មានកម្មករនិយោជិតសរុប​​ប្រមាណ ១១ម៉ឺន៣ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន ១៣លើកទៀត ដែល​នឹង​ជួបកម្មករនិយោជិតសរុបប្រមាណ ២២ម៉ឺន ២ពាន់នាក់ទៀត។

ក្នុងឱកាសចុះជួបកម្មករនេះ សម្ដេច​តេជោបានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាល​ភាព​ដល់​កម្ម​ការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ៕