(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចបានទទួលការឆ្លើយតបពីភាគីថៃហើយ គឺមិនមាននយោបាយបណ្តេញពលករខ្មែរចេញពីប្រទេសនោះទេ ហើយនឹងបន្តយកចិត្តទុកដាក់ថែមទៀតផង។

ការចេញមកបញ្ជាក់បែនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខរបស់ថៃ ដែលទទួួលបានសំលេងច្រើនក្នុងដំណើរការបោះឆ្នោតថ្មីៗនេះ បានបដិសេធទាំងស្រុង ចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា ខ្លួនមានគោលនយោបាយបណ្តេញពលករចំណាកស្រុកចេញពីប្រទេសថៃ ហើយបក្សក៏មិនដែលពិភាក្សាអំពីការធ្វើបែបនេះដែរ។

ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តអញ្ជើញជាអធិបតីភាពចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយខ្ញុំក៏សុំអបអរសាទរជាមួយនឹងព័ត៌មាន ដែលទទួលបានពីព្រះរាជាណាចក្រថៃ ដែលមុននេះខ្ញុំបានបង្ហាញពីកង្វល់ ស្ដីអំពីបក្សឆ្ពោះទៅមុខនេះ ដែលមានបំណង ដែលលឺចេញជាពាក្យមកថា នឹងបណ្ដេញកម្មករកឡាវ និងកម្មករកម្ពុជា ចេញពីប្រទេសថៃ ប៉ុន្តែម្សិលម្ង៉ៃនេះ ម្សិលមិញនេះ ម្សិលម៉្ងៃ គឺមានការនិយាយ តែម្សិលមិញមានការបញ្ជាក់យ៉ាងជាក់លាក់ថា គឺអត់មានទេគេនឹងសម្រួលឱ្យឱ្យថែមទៀតផង បើដូច្នេះគឺយើងលែងកង្វល់ជាមួយនឹងការចាកចេញរបស់កម្មករ កម្មការនីរបស់យើង ដែលកំពុងធ្វើការក្នុងប្រទេសថៃៗ»

ជុំវិញករណីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​ លើកឡើងដែរថា សម្ដេចត្រូវតែឈឺឆ្អាលចំពោះព័ត៌មានទាក់ទងនឹងការបណ្ដេញចេញ ឬបញ្ឈប់ការងារ ឬក៏បាត់បង់អត្ថប្រយោជន៍ពលកររបស់កម្ពុជា ដែលធ្វើការងារនៅក្រៅប្រទេស។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការបញ្ជាក់របស់ភាគីថៃថា ពុំមានបំណងបណ្ដេញពលករកម្ពុជា ចេញពីប្រទេសរបស់ខ្លួននោះ។ ហើយសម្តេចក៏បានពេញចិត្តចំពោះព័ត៌មាន ដែលបានបកស្រាយថា នឹងមិនមានបញ្ហាបណ្តេញពលករ ពលការិនីកម្ពុជា ចេញពីប្រទេសថៃ កើតឡើងនោះទេ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យទាក់ទិននឹងកម្មករអន្តោប្រវេស្ត ដែលវាជាកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រុះសម្រួល នៅក្នុងក្របខ័ណ្ឌអាស៊ាន គឺត្រូវបានទទួលការការពារ និងដោះស្រាយ។

«សូម្បីតែនៅកម្ពុជា ក៏មានកម្មករ កម្មការិនី បរទេសធ្វើការនៅកម្ពុជា ដែលកម្ពុជា ក៏ត្រូវយកចិត្តទុកដាក់ការពារសុខទុក្ខរបស់គេដែរ អ៊ឹចឹងទេ ចំណុចទាំងនេះ គឺជាចំណុចដែលខ្ញុំគួរតែត្រូវបានលើកបញ្ជាក់ ខ្ញុំក៏មានការអរគុណចំពោះបក្សដែលមានសំលេងឆ្នោត នប្រទេសថៃ ប៉ុន្តែ យ៉ាងណាក៏ដោយយើងបានទទួលការបញ្ជាក់អំពីគណបក្សនយោបាយមួយថាមិនមានបញ្ហាទាក់ទិននឹងរឿងនេះទេ»។ នេះជាលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបជូនថា បច្ចុប្បន្នពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃមានប្រមាណ ១.២លាន​នាក់ ក្នុងចំណោមពលករនៅក្រៅប្រទេស ១.៣លាននាក់៕