(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកការរដ្ឋានសាងសង់គម្រោងស្ថាបនាស្ពានបេតុង សរសៃដែកមួយខ្សែ ប្រវែង ៧២ម៉ែត្រ ទទឹង ៦,៦ម៉ែត្រ ស្ថិតក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល។

ពិធីនេះក៏មានការចូលរួមពីលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ លោក លោកស្រីអនុប្រធាន សមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ គ្រប់ឃុំក្នុងស្រុក លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលើកដែក រួមទាំង ប្រជាពលរដ្ឋប្រមាណ ៦០០នាក់។

លើកឡើងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ​ចាន់ថុល បានឱ្យដឹងថា សមិទ្ធផលស្ពានមួយនេះក្រោយការសាងសង់រួចរាល់ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ ហើយសិស្សានុសិស្សអាចធ្វើទៅដំណើរទៅសាលារៀន បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ធ្វើដំណើរកាត់តាមសាឡាងទៀតនោះទេ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ក្រោយម្លប់សុខសន្តិភាព ដែលដឹកនាំដោយរាជរដ្ឋាភិបាល ស្រុកកោះធំ មានសំណាងដោយទទួលបាននូវសមិទ្ធផល ផ្លូវបេតុង ស្ពាន ដាក់ភ្លើងអំពូលសឡា និងសមិទ្ធផលផ្សេងៗជាច្រើន ជាពិសេសមន្ទីពេទ្យតេជោសែន កោះធំ ដែលបានសាងសង់រួចស្ទើរតែ១០០% ដែលជាមន្ទីពេទ្យខ្នាតអន្តរជាតិ ដែលទើបនឹងមានក្នុងស្រុកកោះធំមួួយទេ នឹងមិនមានស្រុកណាមាននោទេ។ មន្ទីរពេទ្យនេះក៏នឹងគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ នៅរង់ចាំតែការបំពាក់សម្ភារៈដែលកំពុងតែស្នើរទិញមកពីក្រៅប្រទេសតែប៉ុណ្ណោះ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានប្រាប់ដល់ប្រជាពលរដ្ឋពីសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលបានសម្រេចបាន និងកំពុងធ្វើជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសមិទ្ធផលដែលកើតឡើងក្រោមការដឹកនាំរបស់គណៈប្រជាជនកម្ពុជា។ លោកក៏បានប្រាប់ពលរដ្ឋនៅឃុំលើកដែកនឹងខិតខំជួយរកថវិកា ក្នុងការជួយសាងសង់ស្ពានបេតុងមួយខ្សែទៀត ឆ្លងទន្លេរបាសាក់ ពីត្រើយខាងកើត ទៅត្រើយខាងលិច នៅក្នុងក្រុងសំពៅពូនផងដែរ។

នាឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរម្លឹកដល់ប្រជាពលររដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោះ សូមចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីឱ្យគណបក្សប្រជាជនបានបន្កបំរើប្រជាពលរដ្ឋ និងបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បីបន្តស្តារ លើកកម្ពស់ ការអភិវឌ្ឍកម្រិតជីវភាពរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕