(ពោធិ៍សាត់)៖ ក្រោយទទួលបានគោលការណ៍ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាក់ទងនឹងការទប់ស្កាត់ការកាប់ព្រៃឈើទន្ទ្រានយកដី ពីសំណាក់ជនខិលខូចនោះ, នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីបង្កើតគណៈកម្មការខេត្ត និងអនុគណៈកម្មការ៩ក្រុម ចុះអនុវត្តកំណត់គោលដៅ នៃតំបន់ដែលមានការកាប់ទន្ទ្រាន និងរៀបចំសេចក្តីព្រាងបទអន្តរាគមន៍ ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ សាលាខេត្ត ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មការថ្នាក់ខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ក្រោយកិច្ចប្រជុំពិភាក្សា និងទទួលយកនូវមតិយោបល់រួម រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចបង្កើតក្រុមការងារគណៈកម្មការ ដឹកនាំរួមថ្នាក់ខេត្ត និងអនុគណៈកម្មការ ចំនួន៩ក្រុមទៀត ដឹកនាំដោយអភិបាលរងខេត្ត ចំនួន៩ ដើម្បីចុះប្រតិបត្តិការផ្ទាល់ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ការកាប់ទន្ទ្រានដីព្រៃ ក្នុងភូមិសាស្រ្តស្រុកវាលវែង និងស្រុកភ្នំក្រវាញ ដែលជាស្រុកគោលដៅប្រឈមខ្លាំង។

សម្រាប់អនុគណៈកម្មការនីមួយៗ គឺមានតួនាទីភារកិច្ច៖
*ទី១៖ កសាងផែនទី និងកំណត់ភូមិសាស្រ្ត នៃគោលដៅនីមួយៗ ឲ្យបានច្បាស់លាស់
*ទី២៖ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងឈរជើងនៅតាមគោលដៅនីមួយៗ
*ទី៣៖ បន្តផ្សព្វផ្សាយអប់រំ និងណែនាំដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធ ត្រូវដកខ្លួនចេញពីសកម្មភាពបទល្មើស
*ទី៤៖ ទប់ស្កាត់ កំណត់មុខសញ្ញាជនល្មើស ឃ្លុំ និងដកហូតដីយកមករក្សាទុក ជាដីទ្រព្យសម្បត្តិរបស់រដ្ឋ
*ទី៥៖ ដាំដើមឈើឡើងវិញ នៅលើផ្ទៃដីដែលបានកាប់ទន្ទ្រាន
*ទី៦៖ រៀបចំកម្លាំងការពារនៅតាមគោលដៅ ដែលបានចុះបង្ក្រាបរួច ដែលក្នុងនោះរួមមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រជាការពារ និងមន្ត្រីជំនាញ
*ទី៧៖ អនុវត្តឲ្យស្របតាមលិខិតបទដ្ឋានគតិយុត្តិ
*ទី៨៖ កសាងសំណុំរឿងជនល្មើស ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់
*ទី៩៖ ធ្វើរបាយការណ៍សកម្មភាពប្រចាំថ្ងៃ របស់អនុគណៈកម្មការ ជូនប្រធានក្រុមការងារគណៈកម្មការខេត្ត ដើម្បីរាយការណ៍ និងគោរពសុំគោលការណ៍ ដឹកនាំបន្តពីថ្នាក់ជាតិ
*ទី១០៖ អនុវត្តភារកិច្ចផ្សេងៗទៀត តាមការចាំបាច់។

អនុគណៈកម្មការនីមួយៗ នឹងត្រូវចុះអនុវត្ត ចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣តទៅ រហូតដល់ចប់បេសកកម្ម ហើយរាល់ការចំណាយ ទាំងថវិកា សម្ភារ និងមធ្យោបាយ ជាបន្ទុករដ្ឋបាលខេត្ត ដែលមានទីចាត់ការហិរញ្ញវត្ថុ ទទួលខុសត្រូវ៕