(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអនុម័តលើអនុម័តទាំងស្រុងលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន២ ទី១-សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ និងទី២-សេចក្ដីព្រាងប្រកាសស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ ប្រាក់បំណាច់មាតុភាព និងវិភាជន៍បូជាសព ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានជាកាតព្វកិច្ច។

ការអនុម័តនេះធ្វើឡើងក្នុងកិច្ចប្រជុំអាណត្តិទី១ លើកទី១៩ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាល ប.ស.ស.។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឱ្យដឹងថា ការសម្រេចអនុម័តទាំងស្រុងក្នុងសេចក្ដីព្រាងខាងលើ ជាការបើកទូលាយក្នុងការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ក្នុងគម្រោងសាកល្បងសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលជាការទន្ទឹងរងចាំរបស់អាជីវករដែលជាអ្នកប្រកបរបររកស៊ីដោយខ្លួនឯង ក្នុងការទទួលបានការគាំពារពីរបបសន្ដិសុខសង្គមនៅពេលដែលពួកគាត់ជួបគ្រោះថ្នាក់ជាយថាហេតុ មានជំងឺ ឬបញ្ហាសុខភាពផ្សេងៗ ហើយក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដែលកំពុងប្រកបរបរដោយខ្លួនឯងដែលជាប្រជាជនគោលដៅ ដើម្បីទទួលបាននូវការការពារសិទ្ធិ​ អត្ថប្រយោជន៍ និងកិច្ចគាំពារក្នុងប្រព័ន្ធសន្ដិសុខសង្គមពេញលេញជូនដល់ពួកគាត់ឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រីបានបន្តថា សម្រាប់របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានជាកាតព្វកិច្ចក្នុងរបៀបវារៈសេចក្ដីព្រាងខាងលើ ក៏បានបន្ថែមនូវវិភាជន៍បូជាសព ដែលជាចំណែកដ៏សំខាន់សម្រាប់ចូលរួមរំលែកទុក្ខ និងជាការជួយសម្រាលទុក្ខលំបាកដល់គ្រួសារសពមួយផ្នែកផងដែរ បន្ទាប់ពីទទួលបានការសម្រេចអនុម័តជាផ្លូវការ​ ប្រាក់វិភាជន៍បូជាសព និងផ្តល់​ជូនដល់អ្នកចាត់ចែងបុណ្យសពនៅពេលដែលសមាជិក ប.ស.ស. ទទួលមរណភាព។

បើតាមលោករដ្ឋមន្ត្រីក្រសួងការងារ ការពង្រីកវិសាលភាពតាមរយៈសេចក្ដីព្រាងខាងលើ នឹងផ្តល់អត្ថប្រយោជន៍បន្ថែមជូនសមាជិក ប.ស.ស. ទាំងអស់អាចទទួលបាននូវសេវាថែទាំសុខភាពទូទៅពេញលេញ រួមមាន៖ ការថែទាំ និងព្យាបាលជំងឺ ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់ការឈប់សម្រាកព្យាបាលជំងឺ ប្រាក់បំណាច់ប្រចាំថ្ងៃក្នុងអំឡុងពេលសម្រាកលម្ហែមាតុភាព សោហ៊ុយដឹកសព និងវិភាជន៍បូជាសព ដែលនេះជាការបំពេញនូវរបបសន្ដិសុខសង្គមដែលមានស្រាប់ឱ្យកាន់តែពេញលេញនៅកម្ពុជាបន្ថែមទៀត៕