(កំពង់ចាម)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន ២០បន្ទប់ ស្ថិតក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលដែលបន្តកើតមាននៅក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ក្រោមកម្លាំងសាមគ្គីធម៌ របស់ឧកញ៉ា ស៊ុយ សុផាន និងលោក តាំង គឹមថុង ព្រមទាំងក្រុមគ្រួសារ ក្នុងការចូលរួមចំណែក អភិវឌ្ឍវិស័យអប់រំ នៅក្នុងស្រុកស្រីសន្ធរ ដែលបានចំណាយថវិកាសាងសង់អស់ជិត ៤០ម៉ឺនដុល្លារ។

ជាមួយគ្នានេះ ក៏សូមសម្តែងនូវការរឭកនឹកគុណ និងឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធឧកញ៉ា ស៊ុយ សុផាន ដែលបានខិតខំ ជួយកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់បន្សល់ទុក ជាកេរ្តិ៍ដំណែលដល់សិស្សា នុសិស្សជំនាន់ក្រោយៗទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរំលេចផងដែរថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ ហើយក៏នឹងបន្តខិតខំអភិវឌ្ឍវិស័យនេះ ជាមួយនឹងចក្ខុវិស័យ ច្បាស់លាស់ ឆ្ពោះទៅអនាគតមួយដ៏ភ្លឺត្រចះត្រចង់ ដើម្បីបង្កើតឱកាសសិក្សារៀនសូត្រ ឲ្យបានទូលំទូលាយ និងប្រកបដោយគុណភាព សំដៅធានាបាននូវការរីកចម្រើនរុងរឿងជូនសង្គមគ្រួសារ និងប្រទេសជាតិ។

យ៉ាងណាមិញ មូលដ្ឋានគ្រឹះចម្បងនៃដំណើរផ្លូវនេះ គឺការថែរក្សាឲ្យបានដាច់ខាតនូវ សុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ។

សម្តេច ម៉ែន សំអន ក៏សូមអគុណប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម រួមទាំងអ្នកស្រុកស្រីសន្ធរនេះផ្ទាល់ ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល និងការចូលរួមក្នុងការថែរក្សា សុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈ ការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺសម្តេចតេជោ ដែលជាមេដឹកនាំប្រកបដោយធម៌ ព្រមជាមួយនឹងសមត្ថភាព ស្នាដៃ និងបទពិសោធន៍ យ៉ាងច្រើនលើសលប់ នៅក្នុងការដឹកនាំ ប្រកបដោយការទទួលខុសត្រូវ ម៉ឺងម៉ាត់ទាំង ក្នុងដំណាក់កាលជួបគ្រោះវិបត្តិ និងនៅក្នុងកិច្ចការកសាង និងអភិវឌ្ឍជាតិ ឲ្យរុងរឿងថ្កើងថ្កានទៅមុខ៕