(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោក ម៉ប់ សារិន បានកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានសហការជាមួយថ្នាក់ជាតិ ក្នុងការខិតខំបំពេញការងារគ្រប់មុខសញ្ញា ធ្វើឱ្យរាជធានីភ្នំពេញ មានសោភ័ណស្រស់បំព្រង និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អ ក្នុងការរៀបចំប្រារព្ធពិធីបើក និងបិទស៊ីហ្គេមលើកទី៣២ ដែលបានធ្វើឱ្យកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា ល្បីរន្ទឺលើពិភពលោក។

ការថ្លែងការកោតសរសើរបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោក និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ បានសហការយ៉ាងល្អជាមួយថ្នាក់ជាតិក្នុងការខិតខំបំពេញការងារគ្រប់មុខសញ្ញា ដែលបានធ្វើឱ្យរាជធានីភ្នំពេញ មានសោភ័ណស្រស់បំព្រង និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងការរៀបចំប្រារព្ធពិធីបិទស៊ីហ្គេមលើកទី៣២ ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ដែលកម្ពុជាម្ចាស់ផ្ទះ បន្ទាប់ពីបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំ បានបញ្ចប់ ដោយជោគជ័យត្រចេះត្រចង់ និងទទួលបានចំណាត់ថ្នាក់លេខ៤ ដោយទទួលបានមេដាយ ២៨២គ្រឿង ក្នុងនោះ មេដាយមាស ៨១គ្រឿង, មេដាយប្រាក់ ៧៤គ្រឿង និងមេដាយ សំរិទ្ធ ១២៧គ្រឿង ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រកីឡាពីមុនមក។

លោក ម៉ប់ សារិន បានបន្តថា តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ធ្វើឱ្យប្រជាជន មហាជនជាតិ អន្តរជាតិ ស្ងើចសរសើរ និងកាន់តែស្គាល់ពីអត្តសញ្ញាណកម្ពុជា បានច្បាស់ជាពិសេសបានក្លាយជាកម្លាំងចលករថ្មីមួយទៀត គាស់ជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើង ថែមមួយកម្រិតទៀត។

ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបណ្តាប្រទេសអាស៊ាន ស្វាគមន៍ អបអរសាទរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកទូលាយមិនលក់សំបុត្រឱ្យប្រជាជន មិនលក់សំបុត្រឱ្យអ្នកគាំទ្រ មិនលក់សិទ្ធិផ្សព្វផ្សាយទៅបរទេស មិនយកប្រាក់ដែលជាកាតព្វកិច្ចមានចែងក្នុងលក្ខន្តិកៈអាស៊ានហ្គេម ហើយបានចំណាយថវិកាជាច្រើន សម្រាប់ការស្នាក់នៅរបស់កីឡាករ ដែលធ្វើឱ្យកិត្យានុភាពកម្ពុជា ល្បីរន្ទឺលើពិភពលោក។

បន្ថែមពីនេះ លោក ម៉ប់ សារិន ក៏បានកោតសរសើរសមត្ថកិច្ចពាក់ព័ន្ធផងដែរ ដែលបានរួមគ្នាធ្វើឱ្យបទល្មើសព្រហ្មទណ្ឌ នៅក្នុងខែឧសភានេះ បានថយចុះ ៤លើក (៤១លើក/៤៥លើក) ជាពិសេសបានស្រាវជ្រាវបង្ក្រាប ករណីប្លន់អាជីវករលក់មាស នៅផ្សារស្ទឹងមានជ័យ ធ្វើឱ្យអាជីវករក្នុងរាជធានីភ្នំពេញមានភាពកក់ក្ដៅ។

លោក កើត ឆែ បានបញ្ជាក់ថា ទទួលបានការកោតសរសើរពីក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើក គឺជាការលើកទឹកចិត្ត ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញ អនុវត្តការងារទាំងនេះឱ្យកាន់តែល្អប្រសើរថែមទៀត ហើយចំពោះការណែនាំរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឱ្យមានការកែម្រួលរបាយការណ៍របស់រដ្ឋបាលរាជធានី ក៏ជាចំណុចល្អ និងអរគុណផងដែរ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញចំណុចខ្វះខាតក្នុងរបាយការណ៍៕