(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងមន្រ្តីក្រោមឱវាទ បានបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន១០៦គ្រួសារ ដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក ធឹម សំអាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចតែងគិតគូរជានិច្ច ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋទីទ័លក្រ ចាស់ជរា ក្មេងកំព្រា និងពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ។

នាពេលនោះ លោកអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា សកម្មភាពនាពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោក ធឹម សំអាន ក៏នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះ លោក ធឹម សំអាន សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

ក្នុងមួយគ្រួសារៗ ទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ និងមី ១កេស។

ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ១០៦គ្រួសារ មានទឹកចិត្តសប្បាយរីករាយ ដោយបានទទួលអំណោយរបស់សម្ដេចទាំងទ្វេ តាមរយៈលោក ឃួង ស្រេង ហើយលោកអភិបាលខណ្ឌព្រែកព្នៅ បាននាំយកមកជូនដោយផ្ទាល់ដៃនាពេលនេះ៕