(ភ្នំពេញ)៖ ពលករចំណាកស្រុក ជាគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសជឿនលឿននានា នៅលើពិពលោក ដែលគេត្រូវការកម្លាំងពលកម្ម ដើម្បីទ្រទ្រង់ដល់មូលដ្ឋានផលិតកម្មរបស់ប្រទេសនីមួយៗ។ តម្រូវការកម្លាំងពលកម្ម ដែលសំដៅដល់ការទាក់ទាញពលករពីប្រទេសនានា គឺប្រដូចនិងពាក្យចាស់ថា «ទំពក់វាទៅ ទើបព្នៅវាមក» មានន័យថា មានអ្នកត្រូវការ ទើបមានអ្នកផ្គត់ផ្គត់ ដែលស្របទៅតាមទ្រឹស្ដីនៃការអភិវឌ្ឍសេដ្ឋកិច្ច។

បច្ចុប្បន្នប្រទេសជឿនលឿនដូចជា ជប៉ុន កូរ៉េខាងត្បូង សឹង្ហបុរី ម៉ាឡេស៊ី រួមទាំងប្រទេសដែលមានអភិវឌ្ឍ កម្រិតមធ្យម ក៏ត្រូវការពលកម្មពីប្រទេសកំពុងអភិវឌ្ឍនានា ដូចជាពី វៀតណាម ហ្វីលីពីន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

ដោយឡែកប្រទេសដែលត្រូវការកម្លាំងពលកម្មច្រើនជាងគេ នៅតំបន់អាស៊ានមានបួន រួមមាន ប្រ៊ុយណេ ម៉ាឡេស៊ី សឹង្ហបុរី និងប្រទេសថៃ។

អង្គការអន្តរជាតិខាងការងារ (ILO) បានប៉ាន់ស្មានចំនួនពលករចំណាកស្រុក នៅលើពិភពលោកមានចំនួន ១៦៤លាននាក់ ដែលតំណាងឱ្យ ជិត៥% នៃកម្លាំងពលកម្មសរុបរបស់ពិពលោក ក្នុងនោះប្រមាណ ១២លាននាក់មកពីតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

ប្រទេសកម្ពុជាវិញ បានផ្គត់ផ្គង់កម្លាំងពលកម្ម តាមរយៈគោលនយោបាយអភិវឌ្ឍពលករចំណាកស្រុក មានប្រមាណ ១.២លាននាក់ ភាគច្រើនបំផុតទៅប្រទេសថៃ។

តាមរយៈតួលេខនេះមានការលើកឡើងដោយ ក្រុមអ្នកនយោបាយថៃ អំពីរឿងការបញ្ជូនពលករចំណាកស្រុក ដែលកំពុងធ្វើការងារនៅប្រទេសថៃ ឱ្យត្រឡប់ទៅប្រទេសខ្លួនវិញ។ ពលករចំណាកស្រុកទាំងនោះ ភាគច្រើនមានមកពីប្រទេសកម្ពុជា ឡាវ និងប្រទេសភូមា ឬមីយ៉ាន់ម៉ា ដែលតាមការប៉ាន់ស្មានដោយ អង្គការទេសន្តប្រវេសន៍អន្តរជាតិ (IoM) រកឃើញថា មានចំនួនប្រមាណ ៥លាននាក់ ជាពលករចំណាកស្រុកសរុបកំពុងធ្វើការងារនៅប្រទេសថៃ នាពេលបច្ចុប្បន្នទាំងស្របច្បាប់ និងមិនស្របច្បាប់។

ថៃ៖ ចំណេញ ឬខាតខាងសេដ្ឋកិច្ច

ស្ថានភាពថៃនៅពេលនេះ ប្រឈមនឹងភាពខ្វះកម្លាំងពលកម្ម និងសេដ្ឋកិច្ចថៃមានបន្ទុកប្រជាពលរដ្ឋថៃចាស់កាន់តែមានចំនួនច្រើន។ និន្នាការនេះ ធ្វើឱ្យសហគ្រាសថៃត្រូវពឹងខ្លាំងលើពលកម្មទាំងជំនាញ និងគ្មានជំនាញពីប្រទេសជិតខាង ដើម្បីអភិវឌ្ឍសហគ្រាស់ផលិតកម្មរបស់ខ្លួន។

ត្រឹមឆ្នាំ២០៣០ កម្លាំងពលកម្មថៃដែលពេញកម្លាំងអាចធ្វើការបានមានកំណើនប្រមាណ ០.៣% ប្រចាំឆ្នាំស្របពេល ដែលមនុស្សចាស់ជរាថៃ មានអត្រារហូតដល់៣០%។ បទពិសោធន៍កន្លងមក ពេលខ្វះកម្លាំងពលកម្ម សេដ្ឋកិច្ចថៃធ្លាក់ចុះ។ ជាក់ស្ដែងនៅអំឡុងពេលកូវីដ នៅពេលដែលមានការបញ្ជូនពលករចំណាកទៅកាន់ប្រទេសសាម៉ីវិញ សេដ្ឋកិច្ចថៃធ្លាក់ចុះ ប្រមាណ០.៣% ដោយសារតែសកម្មភាពផលិតធ្លាក់ចុះ ជាពិសេសវិស័យសំណង់ សេវាកម្ម ផលិតកម្មចំណីអាហារ និងការវេចខ្ចប់ជាដើម។

តួលេខពីរដ្ឋាភិបាលថៃបង្ហាញថា រៀងរាល់ឆ្នាំសហគ្រាសថៃ ជាមធ្យមត្រូវការកម្លាំងពលកម្មប្រមាណ ៤លាននាក់ ដើម្បីទ្រទ្រង់ដល់ផលិតកម្មថៃទាំងស្រុង។ ហើយសភាពាណិជ្ជកម្មថៃធ្លាប់អះអាងថា នៅដំណាច់ឆ្នាំ២០២២ សហគ្រាស់ថៃត្រូវការកម្លាំងពលកម្មពីប្រទេសនានា យ៉ាងតិចបំផុត ៣លាននាក់ ប៉ុន្តែពលករធ្វើការស្របច្បាប់នៅថៃ មានប្រមាណ ២លាន៥សែននាក់ប៉ុណ្ណោះ។ បន្ថែមលើនេះ សម្ព័ន្ធសហគ្រាសថៃក៏បានអះអាងដែរថា កាលពីឆ្នាំ២០២២ សហគ្រាសថៃទាំងអស់ ខ្វះកម្លាំងពលកម្មចន្លោះពី៥សែន ទៅ៨សែននាក់។ ដោយឈរលើមូលដ្ឋាននេះ ថៃបានរៀបចំបន្តឯកសារដល់ពលករចំណាកស្រុកនានា ឱ្យបន្តរការងារដល់ឆ្នាំ២០២៥។

បទពិសោធន៍កម្ពុជា និងថៃ៖ ចំណេញទាំងអស់គ្នា

ទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ដែលវត្តមានរបស់ពលករកម្ពុជា បានជួយដល់ការអភិវឌ្ឍឧស្សាហកម្មថៃ ហើយកម្ពុជាវិញក៏ទទួលបានលុយច្រើន ពីការផ្ទេរប្រាក់គាំទ្រដល់ជីវភាពគ្រួសារ របស់ពលករកម្ពុជា។

កាលពីឆ្នាំ២០១៤ នៅពេលដែលនាយករដ្ឋមន្រ្តីថៃ ទើបឡើងកាន់អំណាច គឺនៅពេលនោះប្រមុខរាជរដ្ឋាភិបាលថៃ បានប្រកាសបណ្ដេញចេញ ពលករដែលពុំមានឯកសារគ្រប់គ្រាន់ ចេញពីប្រទេសថៃ។ ហើយតួលេខនៅពេលនោះ គឺមានការបង្ហាញខុសៗគ្នាអំពីចំនួនពលករមិនស្របច្បាប់ ឬពុំមានឯកសារគ្រប់គ្រាន់ ក្នុងនោះតួលេខរដ្ឋាភិបាលកម្ពុជា ប៉ាន់ស្មានថា មានចំនួន ៧០ម៉ឺននាក់ តែបើតាមអង្គការសង្គមស៊ីវិលវិញអះអាងថា មានចំនួនជាង១លាននាក់ ។ ហើយកាលពីឆ្នាំ២០១៤នោះដែរ ថៃបានបញ្ជូនពលករខ្មែរមកវិញជាង ២សែននាក់។

នៅពេលដែលថៃ បានបណ្ដេញពលករមិនស្របច្បាប់ នៅពេលនោះដែរក៏មានការតវ៉ា ពីសំណាក់ម្ចាស់សហគ្រាសផលិតកម្ម ឬឧស្សាហកម្មថៃ ថាខ្វះពលករ។ ហើយភាពខ្វះពលករនោះនឹងជះឥទ្ធិពលអាក្រក់ ដល់ដំណើរការផលិតកម្មរបស់ថៃដែរ។ ចំពេលពេលហ្នឹងក៏មានការស្រាវជ្រាវរកឃើញថា ពលករបរទេស ដែលកំពុងធ្វើការនៅប្រទេសថៃ បានជួយជំរុញផលិភាពឧស្សាហកម្ម ដែលបានចូលរួមដល់ការកំណើនសេដ្ឋកិច្ចថៃ ១% ប្រចាំឆ្នាំ នេះបើយោងតាមការសិក្សារស្រាវជ្រាវ របស់វិទ្យាស្ថានសេដ្ឋកិច្ចរបស់ថៃ។

ដោយឡែកកម្ពុជាវិញក៏ចំណេញដែរ ។ បើយើងមើលតួលេខ អំពីប្រាក់ចំណូលចូលសេដ្ឋកិច្ចជាតិ គឺកម្ពុជាទទួលបាន ទឹកប្រាក់ពីពលករចំណាកស្រុកពីបរទេស សរុបយ៉ាងហោចណាស់ប្រមាណជាង ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ បើយោងតាមក្រសួងការងារ។
ក្រៅពីនេះ ពលកកម្ពុជាអាចរៀនបទពិសោធន៍បច្ចេកទេស ឬកិច្ចការជំនាញផ្សេងៗ យកមកអនុវត្តន៍នៅប្រទេសកម្ពុជា។ បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេសមានជាង ១លាន៣សែននាក់ ក្នុងនោះ១លាន២សែននាក់កំពុងធ្វើការងារ នៅប្រទេសថៃ៕

ដោយ៖ អាន ស៊ីថាវ