(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ដែលមានអាយុគ្រប់បោះឆ្នោត បាននិងកំពុងត្រៀមបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ដោយទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី០៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅឃុំស្រែថ្មី ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ពួកគាត់ទាំងអស់គ្នាក៏ដូចជាប្រជាពលរដ្ឋនៅទូទាំង ខេត្តកំពង់ឆ្នាំង ដែលមានអាយុគ្រប់ក្នុងការចូលរួមបោះឆ្នោត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងជ្រើសរើសថ្នាក់ដឹកនាំប្រទេសគ្រប់ៗគ្នា ដោយពួ កគាត់មិនស្ដាប់តាមការឃោសនារបស់ជនខិលខូចដែលបានឃោសនាមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬបើទៅចូលរួមបោះឆ្នោតហើយ ត្រូវគូសខ្វែងលើសន្លឹកឆ្នោតដើម្បីបំផ្លាញសន្លឹកឆ្នោតចោលនោះឡើយ ដែលការឃោសនាបែបនេះ គឺជាការឃោសនាធ្វើឲ្យពលរដ្ឋអនុវត្តប្រាស ចាកពីច្បាប់ និងការមិនបានបំពេញនូវកាតព្វកិច្ចជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ លោកស្រី នួន ចាន់នី ប្រធានគណៈកម្មការរៀប ចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៨ ខែមិថុនាថា នៅក្នុងខេត្តកំពង់ឆ្នាំង ពលរដ្ឋដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតនៅក្នុងអាណត្តិនេះមានចំនួនសរុប ៣៥៩.៦៩៨នាក់ និងមានការិយាល័យបោះឆ្នោតចំនួន៨១៨។

លោកស្រីបានបន្តដឹងទៀតថា ចំពោះគណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតក្នុងខេត្តកំពង់ឆ្នាំងមានចំនួន១៤គណបក្សនយោបាយ ក៏ប៉ុន្តែចំនួននេះគឺពុំទាន់ជាផ្លូវការនៅឡើយនោះទេ ដោយសារតែគណៈកម្ម ការជាតិរៀបចំការបោះឆ្នោតមិនទាន់ប្រកាសជាផ្លូវការនៅឡើយ និងមានការបិទផ្សាយជាផ្លូវការនៅតាមមណ្ឌលបោះឆ្នោតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ៕