(ភ្នំពេញ)៖ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សឿង ចរិយា បានចេញដីការក្សាការពាររឹបអូសជាបណ្ដោះអាសន្ន និងបង្កកទ្រព្យសម្បត្តិបុគ្គល៣នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ប្រជាពលរដ្ឋចំនួន៤៥នាក់ ក្រោមរូបភាពវិនិយោគលើ Forex Trade MT4 ដែលមានលុយសរុបចំនួន ២,២៥៦,០០០ដុល្លារអាមេរិក។

ក្នុងដីការក្សាការពារដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា បុគ្គល៣នាក់ ដែលត្រូវបានរឹបអូសទ្រព្យសម្បត្តិ និងបង្កកគណនីធនាគារនោះរួមមាន៖ ទី១៖ឈ្មោះ ឯម ចន្ធី អាយុ៤២ឆ្នាំ, ទី២៖ឈ្មោះ អ៊ាត ច័ន្ទបុប្ផា អាយុ៣៨ឆ្នាំ (ប្រពន្ធឈ្មោះ ឯម ចន្ធី) អាសយដ្ឋានភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៣៖ឈ្មោះ សេង វិចិត្រ អាយុ៤៣ឆ្នាំ អាសយដ្ឋានភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដីការក្សាការពារដដែលនេះ បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៩ អ្នកវិនិយោគទុន ចំនួន៤៥នាក់ បានបណ្ដាក់ទុនវិនិយោគលើ Forex ក្នុងប្រព័ន្ធ Meta Trade4 ជាមួយឈ្មោះ ឯម ចន្ធី, ឈ្មោះ អ៊ាត ច័ន្ទបុប្ផា និងឈ្មោះ សេង វិចិត្រ។ អ្នកវិនិយោគទុនទាំងអស់នោះ បានដាក់លុយជូនបុគ្គលទាំង៣នាក់នេះ តាមប្រព័ន្ធធនាគារ សរុបចំនួនលុយទាំងអស់ ២,២៥៦,០០០ដុល្លារអាមេរិក។

ឈ្មោះ ឯម ចន្ធី, ឈ្មោះ អ៊ាត ច័ន្ទបុប្ផា និងឈ្មោះ សេង វិចិត្រ បានសន្យាជាមួយអ្នកវិនិយោគទុនទាំងអស់នោះថា ពួកគាត់ទាំងអស់គ្នាធានារក្សាដើមទុនរបស់អ្នកវិនិយោគមិនឲ្យបាត់បង់ឡើយ និងទូទាត់ប្រាក់ចំណេញប្រចាំខែ ជូនអ្នកវិនិយោគទាំងអស់ឲ្យបានទៀងទាត់។ ការសហការគ្នាវិនិយោគលើ Forex Trade4 នេះ ឈ្មោះ ឯម ចន្ទី, ឈ្មោះ អ៊ាត ច័ន្ទបុប្ផា និងឈ្មោះ សេង វិចិត្រ មិនដែលបង្ហាញអ្នកវិនិយោគទុន អំពីប្រតិបត្តិការ Trade ក្នុងប្រព័ន្ធ Forex ហើយកាលពីពេលថ្មីៗនេះ ស្រាប់តែឈ្មោះ ឯម ចន្ទី, ឈ្មោះ អ៊ាត ច័ន្ទបុប្ផា និងឈ្មោះ សេង វិចិត្រ ប្រាប់អ្នកវិនិយោគទុនទាំងអស់ថា Account ដែលអ្នកវិនិយោគទាំងអស់បានវិនិយោគនេះ ត្រូវបានបាត់បង់ហើយនឹងមិនអាចធ្វើការបង់ប្រាក់ជូនអ្នកវិនិយោគទុនទៀតទេ។ ហើយបុគ្គលទាំងនាក់នោះ បានបំភ្លៃព័ត៌មានបោកប្រាស់អ្នកវិនិយោគថា ទំហំទឹកប្រាក់ពួកគាត់ទាំងអស់គ្នាត្រឹមតែជាង៩០ម៉ឺនប៉ុណ្ណោះថែមទៀតផង។

អ្នកវិនិយោគទាំងអស់ បានស្នើសុំឲ្យឈ្មោះ ឯម ចន្ទី, ឈ្មោះ អ៊ាត ច័ន្ទបុប្ផា និងឈ្មោះ សេង វិចិត្រ បង្ហាញរបាយការណ៍ អំពីប្រតិបត្តិការណ៍ Trade ក្នុងប្រព័ន្ធ Forex កន្លងមកតែឈ្មោះ ឯម ចន្ធី បែរជាគេចវេស មិនព្រមបង្ហាញរបាយការណ៍ឲ្យមកទេ ដោយបានរត់គេចទៅក្រៅប្រទេសបាត់ ដោយគ្មានដំណោះស្រាយជូនអ្នកវិនិយោគ ទាល់តែសោះ ទោះជាអ្នកវិនិយោគស្នើសុំគោលការណ៍ដោះស្រាយក្នុងលក្ខខណ្ឌណាក៏ដោយ។

ជាមួយគ្នានេះ ជនរងគ្រោះទាំង៤៥នាក់ បានអំពាវនាវដល់ស្ថាប័នតុលាការមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ លើជនទាំង៣នាក់ខាងលើ និងរំពឹងថាលោកស្រី សឿង ចរិយា ​នឹងបន្ដផ្ដល់យុត្តិធម៌ជូនពួកគាត់ ដោយមិនឲ្យពួកគាត់ជួបនូវការលំបាក ក្រោមម្លប់នៃសុខសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ៕

ខាងក្រោមនេះ ជាដីកាសម្រេចរក្សាការពារ និងបង្កកទ្រព្យសម្បត្តិ៖