(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលបានសាងសង់រួចជាស្ថានពរ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

ការចុះពិនិត្យជាថ្មីម្ដងទៀតនេះ ដើម្បីជំរុញ និងសម្រួលនូវការងារណាដែលនៅសេសសល់តិចតួច រៀបចំឱ្យបានសម្រិតសម្រាំងស្អាតល្អ ក្នុងការត្រៀមជាស្រេច ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ឆាប់ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ បានសាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានចំណុះជិត ១ម៉ឺនគ្រែ ដើម្បីត្រៀមលក្ខណៈជាស្រេចក្នុងការទ្រទ្រង់សភាពការណ៍ការរាតត្បាតជំងឺសកលណាមួយ ដែលនឹងមានកន្លែងសម្រាប់បម្រើសេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋយើង ដោយមិនឱ្យមានការព្រួយបារម្ដឡើយ។នេះតាមការបញ្ជាក់កន្លងមក របស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ។

ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ ក៏បានថ្លែងជំរុញលើកទឹកចិត្ដ និងណែនាំដល់ក្រុមគ្រូពេទ្យថា «មន្ទីរពេទ្យ​ធំ​ ស្អាត​ តែ​សំខាន់​ គ្រូពេទ្យ​ត្រូវ​តែមាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ទៀត​ ទើប​ប្រជាជន​ មានទំនុកចិត្ត​ ។ការងារ​នេះ​ត្រូវ​ ធ្វើការរួមគ្នា​ ទើប​បាន​ជោគជ័យ​»

សូមជម្រាបថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មកដល់ពេលនេះបានបង្អួចរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ដែលមានរហូតជិត១ម៉ឺនគ្រែ។

មន្ទីរពេទ្យជាតិដ៏ធំមួយនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២២ ហើយមន្ទីរពេទ្យជាតិនេះ មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់ មានប្រមាណ១ម៉ឺនគ្រែ ជាមួយនិងអគារបច្ចេកទេស (T) ។ មណ្ឌលនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងព័ត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ។សម្រាប់អគារ A, S, E, H1, H2, H3, H4, H5, H6, H7, T1, T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេស អគារ T1, T2 ៕