(រតនគិរី)៖ លោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ សាខាខេត្តរតនគិរី អមដំណើរដោយសមាជិក សមាជិកាសមាគម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញ សួរសុខទុក្ខនិងនាំយកអំណោយចែកជូនប្រជាពលរដ្ឋជាជនចាស់ជរាទីទ័លក្រចំនួន២០គ្រួសារ នៅតាមសង្កាត់ទាំង៤ ក្រុងបានលុង ខេត្តរតនគិរី។

ប្រជាពលរដ្ឋក្រីក្រដែលទទួលអំណោយរួមមាន៖ ក្នុងសង្កាត់ឡាបានសៀក ៥គ្រួសារ សង្កាត់បឹងកន្សែង ៥គ្រួសារ សង្កាត់កាចាញ ៥គ្រួសារ និងសង្កាត់់យក្ខឡោម ៥គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានទឹកត្រី១យួរ, ទឹកស៊ីវ១យួរ ត្រីខ១យួរ, អំបិលកន្លះគីឡូ, ប៊ីចេងកន្លះគីឡូ, ស្ករសកន្លះគីឡូ, មីមួយកេស, អង្ករ ២៥គីឡូ ក្នុងឱកាសនោះលោកស្រីបានផ្ដល់ថវិកាផ្ទាល់ខ្លួនក្នុងគ្រួសារទទួលបាន ៤ម៉ឺនរៀលផងដែរ។

នាឱកាសនេះលោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន បានលើកឡើងថា អំណោយទាំងនេះ គឺបានមកពិការចូលរួមពីសំណាក់ប្រធាន អនុប្រធាន សមាជិកាកិត្តិយស និងគណៈកម្មការ សាខាសមាគមនារីគ្រប់បណ្តាមន្ទីរ អង្គភាព និងសប្បុរសជន ទាំងក្នុង និងក្រៅខេត្ត ដែលមានទំនុកចិត្ត ជឿជាក់មកលើការងារដឹកនាំ និងបានចូលរួមជាថវិកា ទិញស្បៀងអាហារសម្រាប់ចែកជូនដល់ជនចាស់ ជរាគ្មានទីពឹង និងគ្រួសារទីទ័លក្រជាដើម។

លោកស្រីបានផ្តាំផ្ញើដល់លោកតា លោកយាយ ត្រូវតែយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពឱ្យបានល្អ ហើយតាមរយៈនេះដែរ លោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន បានសំណូមពរដល់លោកតា លោកយាយ ជួយជំរុញ និងផ្សព្វផ្សាយទៅដល់កូន ចៅ បងប្អូន កូនក្មួយ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាស្របទៅតាមឆន្ទៈរបស់ខ្លួន។

លោកស្រីបានគូសបញ្ជាក់ថា លើការងារដឹកនាំរយៈពេលជាង៤០ឆ្នាំកន្លងមក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យហួសពីការស្មាន។ មិនតែប៉ុណ្ណោះបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក ប្រជាពលរដ្ឋខេត្តរតនគិរី បាននឹងកំពុងសប្បាយរីករាយ ទៅនឹងសមិទ្ធផលថ្មីៗជាច្រើនគ្រប់ទីកន្លែង ហើយត្រូវចាត់ទុកថា រាល់ពេលយើងមានទុក្ខលំបាក គឺមានតែសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប៉ុណ្ណោះ ដែលរួមសុខ រួមទុក្ខជាមួយយើងគ្រប់ពេលវេលាទាំងអស់ និងសូមជូនពរលោកតា លោកយាយទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕