(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាម ៨៦នាក់ ទៅធ្វើបុណ្យហាជ្ជ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី១ នៃឆ្នាំ២០២៣។ ការចេញដំណើរនេះ នឹងធ្វើជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ខណៈឆ្នាំនេះមានសាសនិកឥស្លាម ចេញទៅធ្វើបុណ្យហាជ្ជនេះ ជាង១,១០០នាក់។

នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងថា ការចេញដំណើរទៅធ្វើបុណ្យហាជ្ជ របស់សាសនិកឥស្លាមនៅកម្ពុជា មានការកើនឡើងរហូតដល់ ជាង១,១០០នាក់ ដោយក្នុងម្នាក់ ចំណាយប្រមាណ៧,៥០០ដុល្លារ ដែលគិតជាថវិកាសរុបចំណាយប្រហែល៨លានដុល្លារ ខណៈឆ្នាំមុនមានចំនួនជាង៥០០នាក់ប៉ុណ្ណោះ។

លោកបន្ដថា ការកើនឡើងជាងពាក់កណ្តាលនេះ ដោយសារនៅឆ្នាំ២០២៣នេះ ស្ថានភាពជំងឺកូវីដ១៩នេះ មានការធូរស្បើយ គ្មានការរីតបន្តឹងអាយុអ្នកចូលរួមធ្វើបុណ្យហាជ្ជ ហើយអារ៉ាប៊ីសាអូឌីត បានបង្កើនចំនួនកូតា អ្នកចូលរួមធ្វើបុណ្យនេះនៅទូទាំងពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។

ជាពិសេសទៀតនោះ លោកបានរំលេចថា នេះគឺជាសញ្ញាមួយ ដែលសរបញ្ជាក់ឲ្យឃើញថា សព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបាននូវជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួនឆ្ពោះទៅមុខជាបន្តបន្ទាប់ ដែលជាចំណែកមួយនៃការកើនឡើងសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ជាធម្មតា ក្រុមហ៊ុនឯកជនដែលដឹកនាំធ្វើពិធីហាជ្ជនេះ តែងជ្រើសយករយៈពេលវេលាយូរ គឺចាប់ពី៤០ថ្ងៃឡើង។ ដោយឡែកដោយសារឆ្នាំនេះ បងប្អូនត្រូវត្រឡប់មកបំពេញកាតព្វកិច្ចបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។

ជាចុងក្រោយ លោកបានផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជនាថ្ងៃនេះ ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់ សូមប្រកបដោយសេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម។

សាសនិកឥស្លាមដែលចេញដំណើរទាំង៨៦នាក់ នាព្រឹកនេះ ដឹកនាំដោយក្រុមហ៊ុន ជី យ៉ាគ្រុប ក្នុងនោះដែរទៅជាលក្ខណៈឯកជនចំនួន៥៦នាក់ និងទទួលបានការឧបត្ថម្ភពីអង្គការ សមាគមនានា៣០នាក់។

គួរបញ្ជាក់ថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត៕