(ភ្នំពេញ)៖ ពិធីបិទ នៃគំរោងកែលំអសាកលវិទ្យាល័យនៅអាស៊ីអគ្នេយ៍ PURSEA បានប្រព្រឹត្តិទៅនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ១០០នាក់ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអ៊ឺរ៉ុប បានចូលរួមក្នុងកម្មវិធីនេះ ក្រោមអធិបតីភាពលោក យក់ ង៉ុយ រដ្ឋលេខាធិកាក្រសួងអប់រំយុវជន និងកីឡា, លោក យិត សុនណារ៉ា រដ្ឋលេខាធិកាក្រសួងសុខាភិបាល លោកស្រី Flora Bertizzolo ប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា លោក ងួន កូលីកា អគ្គនាយករងនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងលោក Laurent Sermet នាយកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ AUF និងតំណាងមកពីគ្រប់គ្រឹះស្ថានឧត្តមសិក្សា និងស្រាវជ្រាវនៅកម្ពុជា បានចូលរួមក្នុងកម្មវិធីបិទនៃគំរោងកែលំអសាកលវិទ្យាល័យនៅអាស៊ីអគ្នេយ៍ PURSEA។

សូមបញ្ជាក់ថា មុនឈានដល់កម្មធីបិទគំរោង PURSEA នេះ តំណាងគ្រឹះស្ថាន និងអ្នកជំនាញជាច្រើន បានចូលរួមក្នុងសាលាស្តីអំពីការបូកសរុបលទ្ធផល ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីជាច្រើនបង្ហាញនូវសកម្មភាពចុងក្រោយ នៃគំរោងកែលំអសាកលវិទ្យាល័យនៅអាស៊ីអគ្នេយ៍ ដែលស្ថិតក្នុងគំរោង ERASMUS+ ឧបត្ថម្ភជាហិរញ្ញប្បទានដោយសហគមន៍អ៊ឺរ៉ុបសំរាប់រយៈពេលពីឆ្នាំ២០២០ដល់២០២៣។

ក្នុងរយៈពេល៣ឆ្នាំ ក្រុមការងារគំរោងបានសម្រេចនូវសកម្មភាពជាច្រើន ដែលអាចឲ្យសាកលវិទ្យាល័យនានាដែលទទួលផលពីគំរោងនេះ អាចកំណត់នូវអទិភាពរបស់ខ្លួន កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការច្រើនឆ្នាំរបស់ខ្លួន។ តាមរយៈសិក្ខាសាលាទាំងឡាយ និងការដឹកនាំពីដៃគូរអ៊ឺរ៉ុប សាកលវិទ្យាល័យនៃប្រទេសវៀតណាមនិងកម្ពុជា បានធ្វើការពិសោធន៍នូវយុទ្ធសាស្ត្រមួយចំនួនពាក់ព័ន្ធ នឹងការបណ្តុះបណ្តាល ការស្រាវជ្រាវ ការបង្រៀនតាមអនឡាញ ឫទំនាក់ទំនងសាកលវិទ្យាល័យ និងដកស្រង់បទពិសោធន៍ដ៏មានតម្លៃជាច្រើន។
មានការរៀបចំការបណ្តុះបណ្តាលខុសៗគ្នាជាច្រើន ឆ្លើយតបនឹងតម្រូវការរបស់ដៃគូរក្នុងតំបន់អាស៊ី៖ ប្រព័ន្ធព័ត៌មានសំរាប់ការសំរេចចិត្ត ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ ការផ្តល់តម្លៃលទ្ធផលវិទ្យាសាស្ត្រ គំរូភាពវាយតម្លៃគ្រឹះស្ថានឧត្តមសិក្សា និងកម្មវិធីបណ្តុះបណ្តាល។ គំរោង PURSEA ចាប់ផ្តើមនាខែកម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងពង្រឹងសមត្ថភាពអភិបាលកិច្ចសាកលវិទ្យាល័យ សំរាប់សាកលវិទ្យាល័យចំនួន៨ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈអ្នកជំនាញជាដៃគូរមកពីអ៊ឺរ៉ុប រួមមានបារាំង បែលហ្សិក និងអាល្លឺម៉ង់។

ជាក់ស្តែងដៃគូរអាស៊ី បានទទួលការបណ្តុះបណ្តាលអំពីវិធីសាស្ត្រកសាងគំរោងនិងបង្កើតចេញជាគំរោងយុទ្ធសាស្ត្រសំរាប់ការអភិវឌ្ឍន៍និងផែនការសកម្មភាពនៃសាកលវិទ្យាល័យ។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ការផ្លាស់ប្តូរចំណេះដឹង ការគាំទ្រ និងការផ្លាស់ប្តូរជំនាញរវាងស្ថាប័នជាដៃគូរ នៃគំរោងត្រូវបានរៀបចំធ្វើឡើង តាមរយៈសិក្សាសាលា និងការបណ្តុះបណ្តាលខុសៗគ្នាជាច្រើនតាមអនឡាញ និងដោយផ្ទាល់នៅប្រទេសវៀតណាម កម្ពុជា បារាំងនិងនៅប្រទេសប៊ែលហ្សិក។

សូមរំលឹកថា គ្រឺះស្ថានឧត្តមសិក្សានៅកម្ពុជាចំនួន២ ស្ថិតក្នុងចំណោមគ្រឹះស្ថានចំនួន១៦នៅអាស៊ី និងអ៊ឺរ៉ុប ដែលទទួលបានផលពីគំរោងកែលំអសាកលវិទ្យាល័យនៅអាស៊ីអគ្នេយ៏ (PURSEA) គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ នាសិក្ខាសាលាថ្ងៃទី៦ និង៧ខែមិថុនា តំណាងស្ថាប័នជាសមាជិកនៃគំរោ ងនឹងធ្វើការបូកសរុបរួមគ្នានូវសកម្មភាពទាំងឡាយ ដែលបានដឹកនាំ និងពិភាក្សាគ្នា ស្តីអំពីទស្សនវិស័យថ្មីៗនៃគំរោង។

គណៈកម្មការដឹកនាំក៏នឹងបង្ហាញដល់សាធារណៈជនផងដែរនូវសៀវភៅមគ្គុទ្ទេសដឹកនាំសំរាប់ការកំណត់និងដាក់អោយដំណើរការផែនការយុទ្ធសាស្ត្រអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សានិងស្រាវជ្រាវ (Guide PURSEA)ដែលជាលទ្ធផលនៃការសហការណ៏រួមគ្នា ជាលក្ខណៈពហុជំនាញ និងអន្តរជាតិហ្វ្រង់កូហ្វូរបស់អ្នកជំនាញមកពីគ្រប់គ្រឹះស្ថានជាដៃគូរនៃគំរោង។

មគ្គុទេ្ទសន៍នេះ មានគោលបំណងពង្រឹងសមត្ថភាពដឹកនាំគ្រឹះស្ថានឧត្តមសិក្សានិងស្រាវជ្រាវ ក្នុងការកំណត់និងការដាក់ឲ្យដំណើរការផែនការណ៏យុទ្ធសាស្រ្តតាមបរិបទ ការប្រតិបត្តិដោយផ្តោតលើឆន្ទៈនយោបាយស្វ័យភាវូបនីយកម្មនៃគ្រឹះស្ថាននានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ម្យ៉ាងទៀត សមាជិកនៃសន្និសីទថ្នាក់តំបន់នៃសាកលវិទ្យាធិការ មកពីគ្រឹះស្ថានជាសមាជិកAUFក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (CONFRASIE) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយមគ្គុទេ្ទសទៅដល់សាកលវិទ្យាល័យនានាផ្សេងទៀតក្នុងតំបន់។

លទ្ធផលនៃគំរោងមានអត្ថន័យលើសពីសាកលវិទ្យាល័យវៀតណាមនិងកម្ពុជា គឺការចាប់ផ្តើមបន្តមាគ៌ាស្វ័យភាព ដែលបានអះអាងដោយដៃគូរជាច្រើននាសន្និសីទចំនួន៣ខុសៗគ្នា ស្តីពីការចែករំលែកលទ្ធផល នៃគំរោងបានរៀបចំឡើងនាទីក្រុងភ្នំពេញ ហាណូយ និងហូជីមិញ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣។

ប្រសិនបើគំរោងនេះរីកចំរើនក្នុងជំហានដំបូងនៅប្រទេសវៀតណាមនិងកម្ពុជា នោះគឺប្រទេសទាំងឡាយនៅអាស៊ីអគ្នេយ៏នឹងទទួលផលពីគំរោងនេះ។ ព័ត៌មានស្តីអំពីសកម្មភាពនៃគំរោង ក៏ដូចជាសៀវភៅមគ្គុទ្ទេសជាឯកសារអេឡិចត្រូនិចអាចរកមើលបាននៅលើគេហទំព័រ http://pursea.hanu.vn/