(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងថា «សុខភាព គឺជាចម្បង ដើម្បីរក្សាសន្តិភាព និងអភិវឌ្ឍន៍វប្បធម៌ក្នុងយុគសម័យ ឌីជីថល» គឺជាប្រធានបទមួយដ៏ល្អ និងសមស្របបំផុត ដែលត្រូវនឹងបរិបទសង្គម ព្រោះបើមនុស្សយើងគ្មានសុខភាពទេ ច្បាស់ជាមិនអាចធ្វើអ្វីបានឡើយ។

លោកស្រីបន្តថា សុខភាពត្រូវតែល្អទាំងផ្លូវការ និងផ្លូវចិត្ត ហើយដើម្បីរក្សាសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រកបានមកនោះ និងដើម្បីអភិវឌ្ឍន៍ជាតិបាន គឺត្រូវទាមទារឲ្យមានសុខភាពល្អ។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ពេអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាពាក់ព័ន្ធនឹងសុខភាព ដែលរៀបចំដោយក្រុមការងារយេនឌ័រនៃក្រសួងវប្បធម៌ និងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរវប្បធម៌ រាជធានី-ខេត្ត និងមន្រ្តីទទួលបន្ទុកការងារយេនឌ័រតាមអង្គភាពមន្ទីរ ប្រមាណ ១៣០នាក់។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមលោកស្រីផ្ទាល់ លោកស្រី ឡងឌី សាន់ណារ៉ា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិកសមាជិកានៃក្រុមការងារយេនឌ័រទាំងអស់ ដែលតែងតែផ្តោតការយកចិត្តទុកដាក់ បំពេញការងារទ្រទ្រង់លើវិស័យថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត រួមចំណែកកាត់បន្ថយ ហានិភ័យនានាចំពោះសុខភាព បង្កើនទំនុកចិត្តដល់មន្រ្តី ក៏ដូចជារៀបចំឱ្យមន្រ្តីក្លាយជាធនធានមនុស្សមានសុខភាពល្អប្រសើរ ដើម្បីធានានូវការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរ យកចិត្តទុកដាក់ការគាំទ្រ និងដាក់ចេញនូវគោលនយោបាយកម្មវិធីកំណែទម្រង់និងវិធាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងជំរុញលើកទឹកចិត្តដល់ស្រ្តីកម្ពុជាឱ្យទទួលបាន សិទ្ធិពេញលេញ មានសុខុមាលភាព និងជីវភាពរស់នៅល្អប្រសើរ តាមរយៈការអភិវឌ្ឍខ្លួន និងទទួលបានឱកាសចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពតាមរយៈរបាយការណ៍ស្ថានភាពមន្ត្រីរាជការរបស់ក្រសួង ដែលមានមន្ត្រីជាស្រ្តីចំនួន ៣៦ភាគរយ សរុបទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត ដែលជាចំនួនមួយគួរឲ្យកត់សម្គាល់។

លោកស្រីរដ្ឋលេខាធិការ បានលើកឡើងបន្តទៀតថា តាមរយៈសិក្ខាសាលានេះទៀតសោត ការយល់ដឹងអំពីសុខភាពជាផ្នែកមួយ តែអ្វីដែលជាកិច្ចការចំពោះមុខដែលត្រូវបំពេញ គឺការចូលរួមប្រកបដោយថាមពលក្នុងការការពារ អភិរក្ស ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ ឲ្យមានការរីកចម្រើនប្រកបដោយការច្នៃប្រឌិត ដោយឈរលើ ចំណេះដឹង ប្រពៃណី វប្បធម៌ ក្នុងការការពារទៅផលិត បង្កើតស្នាដៃ ការច្នៃប្រឌិត ស្តែងចេញពីចំណេះដឹងពីដូនតា ដែល ជាមរតកមិនអាចកាត់ថ្លៃបាន។ ជាក់ស្តែង តាមរយៈយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តក្នុង ការពង្រឹងសមភាព យេនឌ័រតាមរយៈការពង្រឹងតួនាទីស្រ្ដី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងជំរុញការបញ្រ្ជាបយេនឌ័រនៅក្នុងគោលនយោបាយការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត៕