(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ​អេមីរ៉ាត​អា​រ៉ាប់​រួម ជំរុញការវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជា ដោយលើវិស័យស្រូវអង្ករ ការកែច្នៃស្វាយចន្ទី និងដំឡូមី ដោយសារកម្ពុជាអាចផលិតបាន រាប់លានតោនក្នុង១ឆ្នាំៗ។

ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ​អេមីរ៉ាត​អា​រ៉ាប់​រួម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ នាវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា ក្នុងជំនួបនោះ លោក ថានី បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពី ជំនួបប្រកបដោយផ្លែផ្កា ជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីបានសំដែងនូវការរីករាយជាមួយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលកិច្ចព្រមព្រៀងនេះ នឹងនាំសេដ្ឋកិច្ច និងប្រជាជនប្រទេសទាំងពីរកាន់តែជិតគ្នាថែមទៀត ហើយរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើសក្ដានុពល ដែលកំពុងតែមាន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្ដីរីករាយ ជាមួយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ហើយសម្តេច បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ។

សម្ដេចតេជោបានលើកទឹកចិត្តឱ្យមានការពិចារណាលើការវិនិយោគ លើវិស័យកសិកម្ម ទី១៖ វិស័យស្រូវអង្ករដែលកម្ពុជា មានស្រូវប្រមាណ ៦លានតោនដែលអាចនាំចេញ ដោយសម្ដេចតេជោបានស្នើឲ្យមានការពិចារណា បង្កើតរោងម៉ាស៊ីនកិនស្រូវ, ឃ្លាំងស្តុក និងបណ្ដាញទិញ ដើម្បីធ្វើការសកែច្នៃ ស្រូវសម្រាប់នាំចេញ។ ទី២ លើវិស័យស្វាយចន្ទី ដែលកម្ពុជា មានស្វាយចន្ទីជាង១លានតោនហើយ ដែលសព្វថ្ងៃនេះ ពុំទាន់មានការកែច្នៃសម្រាប់នាំចេញនៅឡើយ ដូច្នេះសម្ដេចបានស្នើឱ្យមានការពិចារណា ជំរុញការវិនិយោគ មកវិនិយោគលើការកែច្នៃស្វាយចន្ទី សម្រាប់នាំចេញទៅ អេមីរ៉ាតអារ៉ាប់រួមផង ហើយក៏នាំចេញទៅកាន់ប្រទេសដទៃទៀតផង។

សម្ដេចតេជោ ក៏បានស្នើឲ្យមានការពិចារណាផងដែរ ឱ្យមកធ្វើការវិនិយោគលើការកែច្នៃដំឡូង ដែលកម្ពុជាមានយ៉ាងច្រើន សម្រាប់ធ្វើការកែច្នៃ និងសម្រាប់ការនាំចេញ។

សម្ដេចតេជោក៏បានស្នើឲ្យភាគី អេមីរ៉ាតអារ៉ាប់រួម ពិចារណា ជំរុញឲ្យមានកិច្ចព្រមព្រៀង មិនយកពន្ធត្រួតគ្នា ដើម្បីជាការលើកទឹកចិត្តដល់អ្នកវិនិយោគផង និងស្នើសុំ ឲ្យមានការជំរុញការហោះហើរត្រង់ ពីអេមីរ៉ាតអារ៉ាប់រួម មកកាន់កម្ពុជាផង៕