(ភ្នំពេញ)៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមធ្វើការណែនាំដល់ គធ.ខប គឃ.សប និងគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតផ្លូវការទាំងអស់អំពីការងារមួយចំនួនដែលត្រូវអនុវត្ត ដូចតទៅ៖

ទី១៖ ការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ នៅតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត

- គធ.ខប ទាំងអស់ត្រូវចាត់ចែងធ្វើការបិទផ្សាយជាសាធារណៈនូវបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការទាំងអស់ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមមណ្ឌលរាជធានី ខេត្តរបស់ខ្លួន។ គធ.ខប ត្រូវចាត់ចែងថតចម្លងបន្ថែមនូវបញ្ជីទាំងនេះ ដើម្បីបិទផ្សាយតាមគោលដៅ ដូចខាងក្រោម៖

*លេខាធិការដ្ឋាន គធ.ខប ១ច្បាប់
*តាមទីប្រជុំជនធំៗមួយចំនួន។
*កាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការត្រូវធ្វើចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ជាកំណត់។
*គធ.ខប ទាំងអស់ត្រូវជូនដំណឹងដល់គ្រប់ គឃ.សប អំពីកាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយដូចកំណត់ក្នុងចំណុចទី២ ខាងក្រោម។

ទី២៖ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតការណ៍តាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត 

*គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងមណ្ឌលរាជធានី ខេត្តណាមួយមានសិទ្ធិចាត់តាំងភ្នាក់ងារពេញសិទ្ធិរបស់ខ្លួន ចំនួន១ (មួយ) រូប និងភ្នាក់ងារបម្រុង ចំនួន១ (មួយ) រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗក្នុងឃុំ សង្កាត់។

*កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ មានរយៈពេលយ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការ គឺចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បញ្ចប់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

*គណបក្សនយោបាយ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅ គឃ.សប រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ដល់ម៉ោង ១៧:៣០នាទី។

*គធ.ខប ទាំងអស់ត្រូវស្នើសុំកិច្ចសហការ និងសម្របសម្រួលជាមួយអាជ្ញាធរដែនដី ជាពិសេសអាជ្ញាធរឃុំ សង្កាត់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ពាក់ព័ន្ធនឹងការស្នើសុំចេញលិខិតបញ្ជាក់អំពីភាពមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ សម្រាប់បំពេញបែបបទដាក់ពាក្យសុំចុះឈ្មោះជាភា្នក់ងារគណបក្សនយោបាយនៅ គឃ.សប។

*គធ.ខប ទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយសេចក្តីណែនាំនេះជូនដល់អាជ្ញាធរមានសមត្ថកិច្ច គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងក្របខណ្ឌរាជធានី ខេត្តរបស់ខ្លួនឱ្យបានទូលំទូលាយ ដើម្បីត្រៀមសហការ និងចូលរួមអនុវត្តតាមភារកិច្ចរៀងៗខ្លួន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

គ.ជ.ប សង្ឃឹមទុកជាមុនថា គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់នឹងយកចិត្តទុកដាក់សហការឱ្យបានល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕