(ភ្នំពេញ)៖ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រ​សួ​ង​​ពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រី​ពា​ណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញជាអធិបតីចូលរួមក្នុង​វេទិកាធុរ​កិច្ច​លើក​​ទី២ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ក្នុងវេទិកាធុរកិច្ចនោះ ក៏មានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជ​កម្ម​កម្ពុជា និងលោក Rashed Abdulkarim Al Blooshi អនុរដ្ឋលេខាធិការ​នៃនា​យក​ដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចអាប៊ុយដាប៊ី និងជាតំណាងសភា​ពាណិជ្ជកម្មអេមីរ៉ាត​អារ៉ាប់​រួម ព្រមទាំងថ្នាក់ដឹកនាំពីស្ថាប័នពាក់ព័ន្ធ សមាជិកសភាពាណិជ្ជកម្ម និងប្រធានក្រុម​ហ៊ុន​ឯកជននៃប្រទេសទាំងពីរជាច្រើនរូប។

វេទិការធុរកិច្ចលើកទី២នេះ គឺរៀបចំឡើងស្របពេលនឹងពិធីចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cam​bodia-UAE Comprehensive Economic Partnership Agreement-CEPA) ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ វេទិកាធុរ​កិច្ចនេះ ក៏បានប្រព្រឹត្តឡើងដោយស្របតាមលទ្ធផលជា​វិជ្ជមាននៃវេទិកា​ធុរកិច្ច​លើក​ទី​១ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។

ថ្លែងបើកវេទិកានោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់​អំពីសារៈសំខាន់​នៃវេទិកា​ធុរកិច្ចនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់វិនិយោគិន ធុរជន ផលិត​ករ និងពាណិជ្ជករនៃប្រទេសទាំងពីរ ដើម្បីអាចពិនិត្យលទ្ធភាព​ក្នុងការធ្វើកិច្ចសហ​ប្រតិ​បត្តិការ និងអនុវត្តគម្រោងវិនិយោគអាទិភាពរួម ជាពិសេសដោយត្រៀម​ប្រើប្រាស់ឱ្យ​អស់​ពីលទ្ធភាពនូវអត្ថប្រយោជន៍ និងកាលានុវត្តភាពនានាផ្តល់ដោយកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលនឹងចូលជាធរមាននាពេលខាងមុខ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីអត្ថប្រយោជន៍​នៃការវិនិយោគ​នៅ​កម្ពុជា រួមមាន៖ ទីតាំងយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងតំបន់ បរិយាកាសវិនិយោគ​អំណោយ​​ផល ពិពិធកម្មទីផ្សារនាំចេញទូលាយបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាពធន់នៃសេដ្ឋកិច្ច ភាពសំបូរបែបនៃវត្ថុធាតុដើមសម្រាប់ផលិតកម្ម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។-ល-។

ក្នុងឱកាសនោះ លោកបណ្ឌិត Thani bin Ahmed Al Zeyoudi បានធ្វើការកោត​សរសើរ​លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសក្តានុពលក្នុងការវិនិយោគ និងធុរកិច្ច​លើ​ស្ទើរ​គ្រប់វិស័យ ដែលវិនិយោគិន និងធុរជនអេមីរ៉ាតអារ៉ាប់រួមអាចច្បាមយក ដើម្បីបន្ត​ពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

លោកបណ្ឌិត ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី​ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ។

សូមបញ្ជាក់ថា វេទិកាធុរកិច្ចនេះ ក៏មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗ រួម​មាន៖ បរិយាកាសវិនិយោគនៅកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម សក្តានុពលនៃវិស័យ​កសិ​កម្មនិងទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការផ្គត់ផ្គង់ថាមពលនិងចំណីអាហារ ក៏ដូច​ជាសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងផ្នែកភស្តុភារនិងដឹកជញ្ជូន (កំពង់ផែ) ជា​ដើម៕