(ភ្នំពេញ)៖ លោកសាស្ត្រាខាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្តដល់សាស្ត្រាចារ្យ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ខិតខំធ្វើការស្រាវជ្រាវជាប្រចាំ ដើម្បីសម្រួចចំណេះដឹង ទ្រឹស្តីនិងការអនុវត្តឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងសិក្ខាសាលាអន្តរជាតិរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបណ្ឌិតសភាជាតិវេជ្ជសាស្ត្រនៃប្រទេសបារាំង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីជាន់ខ្ពស់សុខាភិបាលបានថ្លែងថា នៅពេលសាស្ត្រាចារ្យនិងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទទួលបានចំណេះដឹងខ្ពស់ នឹងចូលរួមចែករំលែកចំណេះដឹងទាំងនេះទៅជូនសហភាតរៈ នៅគ្រប់រាជធានីខេត្ត ដើម្បីឱ្យពួកគាត់មានចំណេះដឹងជ្រៅជ្រះចូលរួមពិនិត្យព្យាបាលជំងឺប្រកបដយគុណភាពនិងប្រសិទ្ធភាពខ្ពស់ សំដៅលើកម្ពស់សេវាសុខាភិបាលកាន់តែប្រសើរឡើង។

លោកសាស្ត្រាចារ្យបានបន្តថា ជាក់ស្តែងសិក្ខាសាលានាពេលនេះពិតជាមានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពបន្តរបស់អ្នកប្រកបវិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាលក៏ដូចជាការពង្រីកចំណេះដឹងបន្ថែមជូនដល់ជានិស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រផងដែរ។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងថា សិក្ខាសាលាអន្តរជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងជូនអ្នកប្រកបវិជ្ជាជីវៈនិស្សិតអំពីបច្ចុប្បន្នភាពថ្មីៗទាក់ទិននឹងប្រធានបទទាំង៣ ដែលបានជ្រើសរើស លើកកម្ពស់ស្រាវជ្រាវនិងជំរុញលើកទឹកចិត្តការងារស្រាវជ្រាវ ក្នុងចំណោមអ្នកប្រកមវិជ្ជាជីវៈសុខាភិបាលកម្ពុជាសាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យនិងផ្តល់ឱកាស និងជំរុញទំនាក់ទំនងបណ្តាញក្នុងចំណោមអ្នកវិជ្ជាជីវៈសុខាភិបាលអ្នកស្រាវជ្រាវកម្ពុជា និងបារាំងព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានជាយូរអង្វែងរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងបណ្ឌិតសភាជាតិវេជ្ជសាស្ត្រនៃប្រទេសបារាំង។

លោកសាស្ត្រាចារ្យបានបន្តទៀតថាសិក្ខាសាលានេះនឹងមានបទបង្ហាញចំនួន៩សម្រាប់សាស្ត្រាចារ្យនិស្សិតនិងសាធារណជន ដែលបានចុះឈ្មោះចូលរួមហើយនឹងមានការបែងចែកចាក្រុមគ្រូពេទ្យ អ្នកស្រាវជ្រាវ បារាំង កម្ពុជាជាក្រុមពិភាក្សាចំនួន៣ក្រុមដើម្បីប្រមូលធាតុចូល និងអនុសាសន៍ផ្សេងៗសម្រាប់ការរៀបចំជាសំណើរគម្រោងស្រាវជ្រាវទៅពេលអនាគត។

លោកសាស្ត្រាចារ្យបានបន្ថែមថា បច្ចុប្បន្នសាកលវិទ្យាល័យបាននឹងកំពុងផ្តល់អាទិភាពខ្ពស់លើការងារស្រាវជ្រាវ និងខិតខំលើកទឹកចិត្តសាស្ត្រាចារ្យ មន្ត្រីបុគ្គលិកនិងនិស្សិតឱ្យធ្វើការស្រាវជ្រាវជាប្រចាំ ដែលនេះក៏ជាផ្នែកមួយក្នុងការពង្រឹងគុណភាពបណ្តុះបណ្តាលជំរុញការបង្រៀន និងការរៀនផ្តោតលើភស្តុតាង និងមានបច្ចុប្បន្នភាពពិសេសអាចឱ្យពួកគាត់អាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកទាំងបទពិសោធន៍ចំណេះដឹងនិងព័ត៍មានវិទ្យសាស្ត្រនានា ដែលកើតចេញពីការងារស្រាវជ្រាវរបស់ពួកគាត់ ក៏ដូចជាការបង្កើតបណ្តាញអន្តរជាតិសម្រាប់ការងារស្រាវជ្រាវទៅថ្ងៃអនាគត៕