(ព្រះសីហនុ)៖ បើកបរលើផ្លូវល្បឿនលឿន សូមមានការប្រុងប្រយ័ត្ន រថយន្តពីរគ្រឿងបានបើកបរក្នុងល្បឿនលឿន បណ្តាលឱ្យបុកគ្នាពីក្រោយយ៉ាងពេញទំហឹងនៅចំណុច​ ភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ត្រង់ចំណុច K111+(800) ទិសដៅព្រះសីហនុ-ភ្នំពេញ បណ្តាលឱ្យធ្លាប់ផ្លូវក្រឡាប់ផ្ងារជើងទាំង២​ បណ្តាលឱ្យមនុស្ស២នាក់ រងរបួសស្រាល។

ប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើង ពីវេលាម៉ោងជិត១១កន្លះថ្ងៃត្រង់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ហេតុការណ៍នេះកើតឡើងក្នុងភូមិសាស្ត្រភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ត្រង់ចំណុច K111+(800) ទិសដៅព្រះសីហនុ-ភ្នំពេញចំណែកឯការគ្រោះថ្នាក់នេះបង្ករឡើងដោយរថយន្តមួយគ្រឿងបើកបរក្នុងស្ថានភាពលឿនគ្រប់គ្រងការបើកបរមិនបាន ក៏ជ្រុលទៅបុកពីក្រោយនៃរថយន្ដមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនទិសដៅស្របគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យក្រឡាប់ផ្ងារជើងធ្លាក់ពីលើផ្លូវទាំងសង់ខាងរងការខូតខាតយ៉ាងដំណំ និងធ្លាក់រាយប៉ាយពេញផ្លូវនូវសម្ភារៈដែលផ្ទុកនៅលើឡាននោះផងដែរ។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់បន្ថែមថា រថយន្តទី១ ម៉ាក៖ TOYOTA HILUX REVO ព័ណ៌ ស ផ្លាកលេខ ភ្នំពេញ 2BU-2426 អ្នកបើកបរឈ្មោះ ផូ ច័ន្ទដារា ភេទប្រុស ជនជាតិ ខ្មែរ មានអ្នករួមដំណើរក្មេងប្រុសម្នាក់(រងរបួសស្រាលទាំង២នាក់)។ រថយន្តទី២ ម៉ាក HYUNDAI ពណ៌ ខៀវ ផ្លាកលេខភ្នំពេញ 2BD-9743 អ្នកបើកបរឈ្មោះ ហៀង ហុងឈៀន ភេទប្រុស ជនជាតិខ្មែរ មានអ្នករួមដំណើរ១នាក់ ភេទ ស្រី (ភាគីនេះមិនមានអ្នករងរបួសទេ)។

បច្ចុប្បន្នរថយន្តទាំងពីរមានការសម្របសម្រួល ក៏ដូចជាវាស់វែង ដោយន្ត្រីជំនាញផ្នែកចរាចរណ៍ផ្លូវគោករបស់ក្រុមហ៊ុនផ្លូវល្បឿនលឿន៕