(ស្ទឹងត្រែង)៖ លោក ថោង ពោជ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការគម្រោងផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅក្នុងខេត្តរតនគិរី និងស្ទឹងត្រែង។

លើកឡើងនាឱកាសនោះលោក យី គឹមថាន នាយករងអង្គការភ្លែនអន្តរជាតិ ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ នៅក្នុងខេត្តរតនគិរី និងស្ទឹងត្រែង ទទួលបានមូលនីធិគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តការកូរ៉េ KOICA និងអង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកូរ៉េ។

លោកបន្តថា ការដាក់ដំណើរគម្រោងសម្រេចបានការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ មានគោលបំណងលើកកម្ពស់សុខភាពនិងបរិស្ថានរស់នៅរបស់ក្មេងស្រីក្រីក្រ និងឳពុកម្តាយរបស់ពួកគេ ដោយបង្កើននូវការទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងលើកម្ពស់អនាម័យ ដោយមានភាពស្មើរគ្នានៅក្នុងខេត្តស្ទឹងត្រែងនិងខេត្តរតនៈគិរី តាមរយៈនូវការទទួលបានទឹកស្អាតប្រកបដោយសុវត្តិភាព ការកែលំអរនូវហេដ្ឋារចនារសម្ព័ន្ធភូមិឃុំទឹកស្អាត និងវិធីសាស្ត្រសហគមន៍ដឹកនាំអនាម័យ។

លោក យឹម ផែន អភិបាលរងខេត្តស្ទឹងត្រែង បានស្វាគមន៍និងគាំទ្រចំពោះការអនុវត្តគម្រោងសម្រេចបានការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ នៅក្នុងខេត្តរតនគិរី និងស្ទឹងត្រែងនាពេលនេះ។ ការផ្គត់ផ្គង់និងប្រើប្រាស់ទឹកស្អាតនៅក្នុងខេត្តស្ទឹងត្រែងនៅមានកម្រិតទាបនៅឡើយនោះទេ ដូចនេះលោកបានស្នើសុំដល់អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការដៃអភិវឌ្ឍន៍ពង្រីកវិសាលភាពផែនការអនុវត្តគម្រោងនេះឲ្យបានទៅដល់បណ្តាស្រុកផ្សេងៗទៀតនៅក្នុងខេត្តស្ទឹងត្រែងដើម្បីឲ្យប្រជាពលរដ្ឋទទួលបានការរស់នៅប្រកបដោយអនាម័យ។

លើកឡើងនាឱកាសនោះលោក ថោង ពោជ បានថ្លែងថា ការអភិវឌ្ឍន៍ និងលើកកម្ពស់ការ ទឹកស្អាតនិងអនាម័យជនបទគឺទាមទារឲ្យប្រជាជនមានការចូលរួមនូវធនធានដែលខ្លួនមាន ដោយមិនពឹងផ្អែកទាំងស្រុងលើស្ថាប័នរដ្ឋ និងអង្គការដៃគូអភិវឌ្ឍន៍នោះឡើយ។ ដើម្បីឲ្យខេត្តស្ទឹងត្រែងនិងខេត្តរតនៈគិរីក៏ជាខេត្តភូមិភាគឦសាន្តរស់នៅប្រកបដោយអនាម័យ មានជីវភាពល្អប្រសើ គ្មានបញ្ហាសុខភាព និងបញ្ជប់ទាំងស្រុងនូវការបន្ទោបង់ពាសវាលពាលកាល យើងត្រូវចូលរួមសហការទាំងអស់គ្នាធ្វើយ៉ាងណាឲ្យការរស់នៅមានអនាម័យល្អ។

លោក ថោង ពោជ បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់អនាម័យក្រសួងអភិវឌ្ឍន៍ជនបទមានផែនការនិងចក្ខុវិស័យ គំណត់ផែនការធ្វើយ៉ាងណាក្នុងឆ្នាំ២០២៣នេះប្រជាពលរដ្ឋយើង៩០%ឲ្យទទួលបានទឹកស្អាតនិងអនាម័យ ហើយក្នុងឆ្នាំ២០២៥ប្រជាពលរដ្ឋគ្រប់តំបន់ គ្រប់ទីជនបទ និងគ្រប់ទីកន្លែងទាំងអស់នឹងទទួលបានទឹកស្អាតប្រើប្រាស់១០០% រស់នៅប្រកបដោយបរិស្ថានស្អាតនិងមានអនាម័យ៕