(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការជួបជាមួយកម្មករ កម្មការិនី មិនមែនជាការជួបដើម្បីតែជួបនោះទេ។ តែជាការជួបដើម្បីបានដោះស្រាយពីបញ្ហាតូច រហូតដល់ធំ។ តាមរយៈជំនួបនេះសម្តេចបានដោះស្រាយឱ្យស្ត្រីមានផ្ទៃពោះចាប់ពី ៣ខែឡើងទៅ បានចេញមុនម៉ោងរយៈពេលយ៉ាងតិច១៥នាទី ជាដើម។

ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលសម្តេចបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាល ធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្វីដែលយើងទទួលបានក្នុងជុំទី១ នៃការដើរជួបកម្មករ កម្មការិនី អ៊ឹចឹងជុំនួបរវាងនាយករដ្ឋមន្ត្រី ជាមួយកម្មករ មិនមែនជាជំនួបគ្រាន់តែ គឺហៅថា មកជួបដើម្បីជួបទេ រកវិធីដោះស្រាយតាំងពីបញ្ហាតូច រហូតដល់បញ្ហាធំ។ ខ្ញុំលើកដដែលករណីឱ្យស្ត្រីមានផ្ទៃពោះចេញមុនម៉ោង តិចនាំគ្នាចាត់ទុកថាជាបញ្ហាតូចតាច...!»

ផ្តើមចេញពីជំនួបជាមួយកម្មករ កម្មការិនី, សម្តេចតជោ ហ៊ុន សែន បានបន្តថា ករណីដែលអនុញ្ញាតឱ្យស្ត្រីមានផ្ទះពោះចេញមុនម៉ោង ត្រូវបានបុគ្គលមួយចំនួនបានលើកឡើងថា វាជារឿងតូចតាច ប៉ុន្តែ សម្រាប់សម្តេចគឺចាត់ទុករឿងដែលប៉ះពាល់នឹងផលប្រយោជន៍ និងជីវិតរបស់ប្រជាពលរដ្ឋ មិនមែនជារឿងតូចតាចនោះឡើយ។

«អ្នកខ្លះចាត់ទុកថារឿងនេះជារឿងតូច (ការអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះចេញមុនម៉ោង) ប៉ុន្តែ សម្រាប់ពូ អត់ចាត់ទុករឿងនេះជារឿងតូចនោះទេ គឺរឿងនេះជារឿងធំ មនុស្សម្នាក់ជីវិតពីរ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយនឹងការចុះជួបផ្ទាល់រវាងកម្មការិនីនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាល ក៏បានណែនាំដល់ក្រសួងការងារ ម្ចាស់រោងចក្របង្កើតកន្លែងសម្រាប់បំបៅកូនជូនស្ត្រីដែលជាកម្មការិនីមានកូនតូច, កន្លែងទទួលទានអាហារ, បង្កើតនូវមជ្ឈមណ្ឌលការពារ សុខភាពរបស់កម្មករ កម្មការិនីនៅតាមរោងចក្រ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតសម្រាប់កម្មករ កម្មការិនី។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា អ្វីដែលជាផលប្រយោជន៍របស់ប្រជាជន គឺមិនមែនជាបញ្ហាតូចតាចនោះទេ អ្វីដែលជាផលប្រយោជន៍ទាក់ទងជាមួយជីវិតមនុស្ស គឺសម្តេចឱ្យតម្លៃខ្ពស់ ហើយរកវិធីសាស្ត្រដោះស្រាយ ដូច្នេះ ត្រូវយល់អំពីបញ្ហានេះ។

សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះ ជួប សំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំង ប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស នេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយ ឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យ មានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់ ផ លិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។

ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែល បានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោ ជ ន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួង ការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្ត បានជោគជ័យ៕