(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ស្វាគមន៍រាល់សមាជិកគណបក្សប្រឆាំងមកពីគ្រប់និន្នាការទាំងអស់ ដើម្បីរួមគ្នាកសាងប្រទេស លើកលែងតែជនក្បត់ជាតិ ៣ជំនាន់ប៉ុណ្ណោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ពេលអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរអាជីវកម្ម នៅខេត្តកំពង់ឆ្នាំង។

បើតាមប្រសាសន៍សម្តេចតេជោ ចរន្តនៃការបោះបង់បក្សប្រឆាំង មករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចរន្តបោះបង់បក្សប្រឆាំង មករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់។ យើងស្វាគមន៍គ្រប់និន្នាការនយោបាយទាំងអស់ មករួមរស់ជាមួយគណបក្សប្រជាជនដើម្បីកសាងប្រទេស។ [...] ខ្ញុំមានតែមនុស្សម្នាក់គត់ ដែលខ្ញុំអត់ទទួល គឺអាក្បត់ជាតិ ៣ជំនាន់»

សម្តេចតេជោ ហ៊ុន សែន ក៏បានច្រានចោលការបំភ្លៃការពិតរបស់ជនក្បត់ជាតិ ៣ជំនាន់ ដែលថាសម្តេចសម្លាប់ខ្មែរឥស្លាម នៅស្រុកក្រូចឆ្មារ។ ជាមួយគ្នានេះ សម្តេចបានទម្លាយថា បេសកកម្មស្វែងរកលុយរបស់ជនក្បត់ជាតិ ៣ជំនាន់ ទទួលបរាជ័យហើយ។

សូមជម្រាបថា ថ្មីៗនេះ មានអ្នកនយោបាយប្រឆាំងដ៏សកម្មជាច្រើនរូប បានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលរួមមាន លោក យ៉ង សាំងកុមារ លោក ឡឹក សុធារ លោក សាម អ៉ីន លោក សែម ហាក់ លោក យឹម ស៉ីណន លោក ហ៊ុន កុសល លោក សួង សុភ័ណ្ឌ លោក ស៊ូ ណារ៉ូ និងលោក ព្រាប កុល៕