(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងរដ្ឋបាលក្នុងតំបន់បានឲ្យដឹងថា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីអគារផ្ទះល្វែងខ្ពស់ៗជាច្រើន ក្នុងទីក្រុងធាជីន (Tianjin) ដែលស្ថិតនៅភាគខាងជើងប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីមានការបាក់ដី បង្កើតជាស្នាមប្រេះធំៗលើដងផ្លូវក្បែរនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

រដ្ឋបាលក្រុងធានជីន បានឲ្យដឹងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ស្នាមប្រេះធំៗបានលេចឡើងនៅលើដងផ្លូវ ក្បែរអគារលំនៅដ្ឋានមួយកន្លែងក្នុងស្រុកជីនណាន (Jinnan) របស់ទីក្រុងធានជីន ហើយអ្នកជំនាញភូមិសាស្រ្តនិយាយថា វាទំនងជាបណ្តាលមកពីមានប្រហោងនៅក្រោមដីជម្រៅ ១,៣០០ម៉ែត្រ។ ត្រង់ចំណុចនេះ រដ្ឋបាលទីក្រុងធានជីនថា យើងមិនអាចបដិសេធទេថា ការខួងចុះទៅក្រោមធ្វើឲ្យសណ្ឋានដីបាត់បង់រូបរាង ហើយបាក់រលំនោះ។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Global Times គិតត្រឹមថ្ងៃទី៣ ខែមិថុនា អ្នកស្រុកសរុបចំនួន ៣,៨៩៩នាក់ ដែលរស់នៅក្នុងអគារកម្ពស់ ២៥ជាន់ ចំនួន៣អគារ ត្រូវបានជម្លៀសទៅកាន់សណ្ឋាគារក្បែរនោះ។ ឧបទ្ទវហេតុនេះ បន្ថែមការព្រួយបារម្ភចំពោះសុវត្ថិភាពសំណង់អគារក្នុងប្រទេសចិន ដែលកន្លងមករដ្ឋាភិបាលបានអនុវត្តច្បាប់ និងគោលនយោបាយដ៏តឹងរ៉ឹង ហើយបានចេញការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះការគ្រប់គ្រងសំណង់អចលនទ្រព្យ៕