(ព្រះសីហនុ)៖ រថយន្ត MPV (Mine Protected Vehicle) ចំនួន១៤គ្រឿង និងសម្ភារគ្រឿងបំពាក់ចំនួន៥កុងតឺន័រ របស់កម្ពុជា បានដឹកជញ្ជូនតាមនាវាចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់សាធារណរដ្ឋម៉ាលី សម្រាប់បម្រើការងារបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា ដោយបានការអនុញ្ញាត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាគណៈកម្មាធិការជាតិ នៅថ្ងៃនេះ រថយន្ត MPV និងសម្ភារក្នុងកុងតឺន័រចំនួន៥ សម្រាប់បញ្ជូនទៅបំពេញបន្ថែម លើរថយន្តនិងសម្ភារដែលមានស្រាប់ សម្រាប់កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី កំពុងឈរជើង នៅទីក្រុងហ្គាវ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ចំពោះរថយន្ត និងសម្ភារទាំងអស់នេះនឹងទៅដល់ប្រទេសម៉ាលី នាពាក់កណ្តាល ខែសីហា ឆ្នាំ២០២៣ខាងមុខ។

នាយឧត្តមសេនីយ៍ បានឱ្យដឹងថា រថយន្ត MPV ទាំង១៤គ្រឿង គឺមានចំនួន ៤គ្រឿង បម្រើការងារជារថយន្តពេទ្យ ដែលបានបំពាក់សម្ភារបរិក្ខាវេជ្ជសាស្ត្រគ្រប់គ្រាន់ទាំងអស់។ ចំណែករថយន្ត MPV ចំនួន១០គ្រឿងទៀត គឺសម្រាប់ដឹកកម្លាំងចុះប្រតិបត្តិការបេសកកម្ម។ ការដែលបញ្ជូនរថយន្ត MPV នេះទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី ដោយសារនៅទីនោះមានក្រុមឧទ្ទាម តែងពួនស្ទាក់ដាក់ បង្កៃគ្រាប់កែច្នៃ ឬគ្រាប់មីននៅតាមដងផ្លូវធ្វើដំណើរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានគូសបញ្ជាក់ថា ចំពោះកងកម្លាំងមួកខៀវកម្ពុជា គឺបានកំពុងបន្តការងារបេសកកម្មនៅសាធារណរដ្ឋម៉ាលី រួចស្រេចហើយ។

សូមបញ្ជាក់ថា កងកម្លាំងកម្ពុជាមានចំនួនជាង៣០០នាក់ ចែកចេញជា២កងអនុសេនាធំ គឺកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងកម្លាំងវិស្វកម្មព្រលានយន្តហោះ៕