(ភ្នំពេញ)៖ ស្ដ្រីម្នាក់ជាអ្នករកស៉ីចងការប្រាក់ និងមេតុងទីននោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធបណ្ដឹងព្រហ្មទណ្ឌពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួយដូរបាន» (ចេញសែកស្អុយ) នូវទឹកប្រាក់សរុប២០ម៉ឺនដុល្លារ។

ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះឈ្មោះ លី គន្ធា អាយុ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៨៩ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ការឃាត់ខ្លួនស្ត្រីរូបនេះ តាមដីការបង្គាប់ឲ្យនាំខ្លួនរបស់លោក ច្រឹង ខ្មៅ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លេខ២៤២ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីឈ្មោះ លី គន្ធា បានព្យាយាមរត់គេចលាក់ខ្លួនអស់រយៈពេលជិត២ខែ ហើយក្រោយមកបានដំណឹងថា ត្រូវបានគេប្រទះឃើញនៅខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តផ្សេងជាច្រើនទៀត។ ការរត់គេចខ្លួនរបស់ស្ត្រីឈ្មោះ លី គន្ធា គឺក្នុងអំឡុងពេលដែលស្ត្រីមេតុងទីនរូបនេះ បានប្រមូលលុយពីកូនតុងទីន និងបានចងការប្រាក់គេ យកទៅទិញរថយន្តទំនើបចំនួន២គ្រឿង យកទៅបើកហាងផឹកសុី និងយកទិញផ្ទះខុនដូរ ជាច្រើនកន្លែងទៀត៕