(កែប)៖ ផ្លូវក្នុងក្រុងមួយខ្សែដែលរងការខូចខាតជាយូរមកហើយ ពេលនេះ ត្រូវបានបើកការដ្ឋានសាងសង់ ឲ្យក្លាយទៅជាផ្លូវបេតុង ដែលមានប្រវែងជាង ៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានថ្លែងថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែង ផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅ ការធ្វើដំណើរប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ព្រោះយើងដឹងថា ភូមិអូរក្រសារនិងភូមិជាប់នេះ ជាជង្រុកផលិតផលកសិកម្មចម្រុះមួយផងដែររបស់ខេត្តកែប។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានលើកបញ្ជាក់ផងដែរថា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព​ និងអភិវឌ្ឍន៍បែបនេះបន្តទៀត សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប អញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយបោះឲ្យគណបក្សណាដែលបងប្អូនគិតថានាំផលប្រយោជន៍ ជូនបងប្អូនពិតប្រាកដ៕