(កំពង់ចាម)៖ លោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា នាថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្តារប្រឡាយប្រវែង ១,៤៥០ម៉ែត្រ និងសំណេះសំណាលជាមួយប្រជាកសិករ ៦៣៥គ្រួសារ ដែលមានដីស្រែចំនួន ៤៥៧ហិកតា ដែលនឹងទទួលផលពីការស្ដារប្រឡាយនេះ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

កម្មវិធីនេះ ធ្វើឡើងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលកសិករ នៅក្នុងតំបន់ខាងជើងឃុំផ្តៅជុំ ចំនួន៦៣៥គ្រួសារ ដែលរស់នៅក្នុងភូមិចំនួនបីគឺ ភូមិផ្តៅជុំកើត ភូមិចាំនាង និងភូមិឈើទាល តាមរយៈថ្នាក់ដឹកនាំ គណបក្សឃុំផ្តៅជុំ។ ការបើកការដ្ឋានស្តារប្រឡាយទឹកនេះ នឹងជួយសម្រួលដល់ការរំដោះទឹកជំនន់ នារដូវវស្សា កុំឲ្យជន់លិចដីស្រែ និងដំណាំប្រជាកសិករទាំងបីភូមិ ហើយនារដូវប្រាំង ប្រឡាយនេះ ប្រើប្រាស់ជាផ្លូវនាំទឹក សម្រាប់ស្រោចស្រព្វដំណាំប្រជាកសិករ។

លោកបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយនូវផែនការជួយជាបច្ចេកទេស និងការរកទីផ្សារទិញស្រូវ ជូនដល់ប្រជាកសិករទាំង ៦៣៥គ្រួសារ តាមរយៈក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ។ ការបន្តជួយដល់ប្រជាជន សបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋតាមភាពជាក់ស្ដែងគ្រប់ពេលវេលាជានិច្ច។

លោកបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។

លោកបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់ដល់ប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃតួនាទីរបស់ប្រជាកសិករក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានានូវសន្តិសុខស្បៀង សម្រាប់ប្រទេសជាតិ ដែលពិភពលោកទាំងមូលកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង។ ការធានានូវសន្តិសុខស្បៀង អាចធ្វើទៅបាន ទាមទារឲ្យមានការចូលរួមចំណែកពីប្រជាពលរដ្ឋ បូកផ្សំនឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាកសិករ និងលើកស្ទួយអភិវឌ្ឍន៍នូវវិស័យកសិកម្ម។

ក្នុងឱកាសនេះដែរ លោកបណ្ឌិត ម៉ឹង មករា ក៏បានប្រគល់រទេះជនពិការ ជូនប្អូនស្រី វ៉ុន ស្រីពេជ្រ អាយុ១៧ឆ្នាំ ដែលជាសិស្សមានពិការភាព កំពុងសិក្សាថ្នាក់ទី៩ ហើយរៀនពូកែជាប់លំដាប់ថ្នាក់លេខ២ នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ប្រជាកសិករអាចបង្កបង្កើនផល ប្រកបអាជីវកម្មទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឧត្តមភាពដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ក្នុងការតស៊ូលះបង់ ដើម្បីសង្គ្រោះជាតិនិងប្រជាជន ការកសាងប្រទេសពីបាតដៃទទេរ ឲ្យមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃ និងការនាំមកនូវសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យប្រជាជនរស់នៅក្នុងភាពសម្បូរសប្បាយ ក្រោមម្លប់សន្តិភាព។

ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយលោកបណ្ឌិត ម៉ឹង មករា បានសហការជាមួយ អាជ្ញាធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋតាមភូមិឃុំក្នុងស្រុកជើងព្រៃ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើន រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិ ដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ។

លើសពីនេះ ក្រោមការចង្អល់បង្ហាញពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារជនបង្គោល ក៏បានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ ដូចជា៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើលម្អសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត៕