(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានលើកឡើងថា សមិទ្ធផលដែលកម្ពុជាទទួលបានមកដល់បច្ចុប្បន្ន រួមមានសន្តិភាព ការអភិវឌ្ឍ និងស្ថិរភាពនយោបាយ ពុំមែនធ្លាក់មកពីលើមេឃ ឬកើតមានឡើងដោយឯងៗនោះទេ គឺបានមកពីការប្រឹងប្រែង លះបង់គ្រប់យ៉ាងរបស់សម្តេច ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។

លោកបានលើកឡើងបែបនេះ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ នៅបរិវេណវត្តទួលត្បែង ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ មកពី៦ភូមិ ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន២,៥៤៧នាក់ ដោយបានការអញ្ជើញចូលរួមពីលោក កែវ វីរៈ អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំ អាជ្ញាធរស្រុក ឃុំ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

លោក កែវ រតនៈ បានថ្លែងពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងឃុំឈើតុំ ក៏ដូចជាទូទាំងខេត្ត និងបានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោកបានលើកឡើងផងដែរថា សមិទ្ធផលដែលកើតមាននៅទូទាំងខេត្ត និយាយជារួមនឹងនិយាយដោយឡែក ក្នុងស្រុកក្រគរយើងផ្ទាល់ ដូចជារោងចក្រ សហគ្រាស ផ្លូវជាតិលេខ៥ ផ្លូវកៅស៊ូជនបទ សាលារៀន មន្ទីរពេទ្យ ទំនប់ ប្រឡាយ...។ល។ គឺមិនមែនធ្លាក់ពីលើមេឃ ឬកើតមានឡើងដោយឯងៗនោះទេ បើគ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ។ ពិតណាស់ថា នេះជាជោគជ័យរបស់យើងទាំងអស់គ្នា ហើយយើងក៏មិនទាន់ស្កប់ស្កល់ ទៅនឹងភាពជោគជ័យនេះផងដែរ ដោយហេតុថា យើងនៅតែត្រូវការសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ បន្តការគាំទ្រ និងជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ លោក កែវ រតនៈ ក៏មានចែកជូនវត្ថុកំដរដៃ ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួម ប្រមាណ២,៥៤៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន ទឹកដោះគោខាប់៤កំប៉ុង, ប្រេងឆា១ដប, ត្រីខ១០កំប៉ុង និងប៉ីចេង១កញ្ចប់ផងដែរ៕