(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

បេក្ខជនឈរឈ្មោះ ជាប្រធាន មានចំនួន៣រូប ក្នុងនោះមាន៖

*ទី១៖ លោក សំ សេដ្ឋា
*ទី២៖ លោក ឡុង រស្មី
*ទី៣៖ លោក ហ៊ី សុខនី។

ចំណែកបេក្ខជនឈរឈ្មោះជាអនុប្រធាន មានចំនួន៣រូបផងដែររួមមាន៖

*ទី១៖ លោកស្រី ឈុន ដាលីន
*ទី២៖ លោក ហេង ម៉េងលី
*ទី៣៖ លោក ថេង បញ្ញាវុធ។

ក្រោយការបោះឆ្នោតលោក សំ សេដ្ឋា បានជាប់ឆ្នោតជាប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ និងលោកស្រី ឈុន ដាលីន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។

ក្រោយការបោះឆ្នោត និងប្រកាសលទ្ធផលខាងលើលោក ម៉ប់ សារិន បានណែនាំឲ្យក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើលិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យមានការប្រកាសជាផ្លូវការទៅតាមនីតិវិធីនៃច្បាប់។

យោងតាមសេចក្ដីណែនាំលេខ ០២៤ ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី បានកំណត់ថា៖ ការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យ ប្រជាពលរដ្ឋរាជធានី ត្រូវធ្វើឡើងដាច់ដោយឡែកពីការបោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ប៉ុន្តែអាចធ្វើឡើងក្នុងកិច្ចប្រជុំជាមួយគ្នាបាន ឬក៏កិច្ចប្រជុំដាច់ដោយឡែកពីគ្នា ហើយការបោះឆ្នោតត្រូវធ្វើឡើងជាសម្ងាត់៕