(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ផាត សុផាន្នី ជាភរិយារបស់លោក រួមនិងលោកស្រី កែ ចាន់មុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយមន្ត្រីកាកបាទក្រហមសាខាខេត្តកំ ពង់ឆ្នាំង និងក្រុមការងារ មានអភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយរួមទាំងថវិកាមួយចំនួនឧបត្ថម្ភជូនកម្មការិនីឈ្មោះ ជា ធារី អាយុ៣២ឆ្នាំ រស់នៅភូមិកំពង់ក្តា ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ដែលសម្រាលបានកូនភ្លោះ២នាក់ ហើយទារកទាំង២នាក់នោះ កើតមកពុំសូវមានសុខភាពល្អបរិបូណ៌ ហើយបច្ចុប្បន្នស្ត្រីជាម្ដាយកំពុងសម្រាក នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ថា ទារកជាកូនភ្លោះទាំង២នាក់របស់កម្មការិនីខាងលើ ត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនទៅកាន់មន្ទីរពេទ្យកុមារជាតិតាំងពីសម្រាលបានភ្លាមៗ ដើម្បីជួយសង្គ្រោះនិងថែទាំបន្ត ដោយសារតែទារកទាំង២នាក់កើតមកនៅតូចៗពេក គឺម្នាក់មានទម្ងន់ត្រឹមតែ ១គីឡូ១ខាំ និងម្នាក់ទៀតមានទម្ងន់១គីឡូ២ខាំប៉ុណ្ណោះ ហេតុនេះត្រូវការមានការថែទាំ ទៅតាមបច្ចេកវិទ្យារបស់ក្រុមគ្រូពេទ្យផងដែរ។

លោកបានបញ្ជាក់ទៀតថា ការយកទារកទៅថែទាំនៅមន្ទីរពេទ្យកុមារជាតិរាជធានីភ្នំពេញ ក៏មានឪពុករបស់គេទៅជាមួយផងដែរ ចំណែកម្ដាយរបស់ទារកបច្ចុប្បន្នកំ ពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចដោយសុខភាព របស់គាត់ល្អប្រសើរជាធម្មតាទេ។

លោកបានបញ្ជាក់ថា ដោយសារតែមានការយកចិត្តទុកដាក់ពីលោកអភិបាលខេត្ត លោកអភិបាលក៏បានចាត់ឲ្យលោក យិន សាវ៉េន អភិបាលរងខេត្ត រួមដំណើរដោយមន្ត្រីកាកបាទក្រហម និងក្រុមគ្រូពេទ្យទៅសួរសុខ ទុក្ខទារកទាំង២នាក់ ដែលកំពុងមានការថែទាំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកុមារជាតិរាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថា ចំពោះករណីដែលកម្មការិនីរោងចក្រម្នាក់ប្រសូត្រ បានកូនភ្លោះ២នាក់ ដែលទារកទាំង២នាក់នោះ កើតមកមិនមានសុខភាពរឹងមាំ ហើយត្រូវបញ្ជូនបន្តទៅថែទាំនៅមន្ទីរពេទ្យកុមារជាតិរាជធានីភ្នំពេញខាងលើនេះ កាលពីព្រឹកមិញនេះបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលដំណឹងនេះ សម្ដេចក៏បានយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភថវិកាដល់ឪពុកម្ដាយនិងទារកទាំង២នាក់ ចំនួន៥លានរៀលផងដែរ៕