(ព្រះសីហនុ)៖ នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីផ្ទុះអាវុធមួយកើតឡើង បង្កដោយជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream បានបាញ់រះជាច្រើនគ្រាប់ ទៅលើរថយន្តមួយគ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ 2B-6673។

ក្រោយធ្វើសកម្មភាព ខ្មាន់កាំភ្លើងបានរួចរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅកន្លែងកើតហេតុ ធ្វើការដកហូតបានសំបកគ្រាប់កាទុសចំនួន៣គ្រាប់ និងបាននាំជនរងគ្រោះដែលនៅក្នុងរថយន្ត មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ។

ក្រោយការសាកសួរដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត, កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែឆ្នាំដដែល សមត្ថកិច្ចចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបាន សំបកគ្រាប់កាទុសចំនួន៣គ្រាប់, អាវុធខ្លី១ដើម ម៉ាក K59 មានលេខសម្គាល់ A7007, បង់១ មាន៣គ្រាប់, ស្រោមអាវុធខ្លី១ និងទូរស័ព្ទ២គ្រឿង។ ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តធ្វើការសួរនាំ តាមនីតិវិធីជំនាញ៕