(ព្រះសីហនុ)៖ ករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋជិត២០០គ្រួសារ នៅភូមិចំណោតរាម ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុនកាណាឌីយ៉ា ទទួលបានដំណោះស្រាយដោយយុត្តិធម៌ និងឈ្នះឈ្នះទាំងអស់ ដោយក្រុមហ៊ុនសម្រេចកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទំហំ៥ម៉ែត្រ គុណ២០ម៉ែត្រ។

ក្រោយទទួលបានការសម្រេចនេះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរៀបចំពិធីចាប់ឆ្នោតប្រគល់ និងទទួលដីឡូត៍ ជូនប្រជាពលរដ្ឋ១៦១គ្រួសារ ដោយតម្លាភាព។

ក្នុងឱកសនោះ លោកអភិបាលខេត្តបានបញ្ជាក់ថា បើគ្មានការដោះស្រាយតាមគោលនយោបាលឈ្នះឈ្នះជូននោះទេ ច្បាស់ណាស់ប្រជាពលរដ្ឋនឹងបាត់បងដី ខាតប្រាក់ ពេលវេលា ព្រោះនេះជាដីរបស់ក្រុមហ៊ុនកាន់កាប់ ដោយស្រប់ច្បាប់។

ជាក់ស្ដែងរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយតំណាងក្រុមហ៊ុនកាណាឌីយ៉ា ក៏ជាទឹកចិត្តដ៏ធំធេងរបស់ក្រុមហ៊ុន បានធ្វើការកាត់ឆ្វៀល ដីមានទំហំ៥ម៉ែត្រ គុណ២០ម៉ែត្រ ឲ្យទៅពលរដ្ឋណាដែលមានឈ្មោះ និងទីតាំងដីបានទិញចាញ់បោកមេខ្យល់កន្លងមក ដោយដោះដូរផ្នែកខាងមុខ ទៅជួរខាងក្រោយដែលបានកាត់វាស់វែងដោយក្រុមហ៊ុន និងរដ្ឋបាលខេត្តព្រះសហនុ រួមទាំងមន្ត្រីជំនាញសូរិយោដី។

ដោយឡែក ក្នុងពិធីចាប់ឆ្នោតប្រគល់-ទទួលដីឡូត៍ជូនប្រជាពលរដ្ឋនេះ គឺធ្វើឡើងដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្ត ក្រុមហ៊ុនកាណាឌីយ៉ា និងមានចូលរួមពីប្រជាពលរដ្ឋ១៦១គ្រួសារ ដែលការចាប់ឆ្នោតយក សន្លឹកក្បាលដីនេះ ប្រកបដោយតម្លាភាព សុក្រិត និងមានការយល់ព្រមយ៉ាងពេញទំហឹងពីពលរដ្ឋដែលជាម្ចាស់ដី ដោយគ្មានការបង្ខិតបង្ខំពីអាជ្ញាធរ ឬក្រុមហ៊ុននោះឡើយ។

លោក គួច ចំរើន អំពាវនាវដល់ពលរដ្ឋប្រមាណជិត ២០០គ្រួសារ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ចូលរួមសហការ ស្វែងយល់ឲ្យបានច្រើនក្នុងកិច្ចការដោះស្រាយវិវាទទំនាស់ផ្សេងៗ ឲ្យសមស្របទៅតាមការ ដោះស្រាយតាមបែបគោលនយោបាយឈ្នះឈ្នះជូនប្រជាពលរដ្ឋ (ការជោគជ័យរបស់ប្រជាពលរដ្ឋ គឺជាក្តីសុខដ៏ធំធេងរបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ។

ការអំពាវនាវបែបនេះ គឺយោងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកន្លងមកសម្តេចបានណែនាំដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំង ប្រទេសព្យាយាម ដោះស្រាយក្រៅប្រព័ន្ធតុលាការ នូវបញ្ហារវិវាទទំនាស់ផ្សេងៗដែលកើតមាន ពោលគឺលោកចង់បានឲ្យបងប្អូនកាត់បន្ថយការប្តឹងផ្តល់ បែរមកជាការចរចាគ្នារវាងគូភាគី និងភាគី (រឿងណាដែលដោះស្រាយក្រៅ ប្រព័ន្ធតុលាការបានគឺជារឿងល្អបំផុត)៕