(កំពង់ស្ពឺ)៖ អគារតេជោ «សន្តិភាព» ចំនួន៣អគារ សម្រាប់បម្រើឱ្យការហ្វឹកហ្វឺនត្រីភាគី (កម្ពុជា ជប៉ុន និងអង្គការសហប្រជាជាតិ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២៤ ដល់ដើមឆ្នាំ២០២៥ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ( PKO) ខេត្តកំពង់ស្ពឺ។

ពិធីបញ្ចុះបឋមសិលាសាងសង់អគារនេះបានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ តំណាងដ៏ខ្ពងខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជាទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ។

សម្រាប់ដំណើរការសាងសង់អគារ «តេជោសន្តិភាព» នេះនឹងប្រើប្រាស់ពេលវេលាចំនួន១៤ខែ។ សម្រាប់អគារ «តេជោសន្តិភាព» មានទាំងអគារស្នាក់នៅ អគារសិក្សា និងសាលប្រជុំធំ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា តាមរយៈការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនចូលរួមរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២៣នេះ គឺមានរយៈពេល១៧ឆ្នាំមកហើយ។ ដូច្នេះ តាមសមត្ថភាពរបស់កម្ពុជានេះហើយ ទើបអង្គការសហប្រជាជាតិ ព្រមទាំងប្រទេសជាសមាជិកទុកលើកម្ពុជា ដោយសម្រេចឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះការហ្វឹកហ្វឺនត្រីភាគី (កម្ពុជា ជប៉ុន និងអង្គការសហប្រជាជាតិ) នេះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា សម្រាប់ការសាងសង់អគារ ដែលប្រសិដ្ឋនាមថា អគារ «តេជោសន្តិភាព» គឺសម្រាប់បម្រើឱ្យការចូលរួមហ្វឹកហាត់នៅក្នុងតំបន់ ព្រមទាំងកងទ័ពមួកខៀវមកពីក្រៅតំបន់ផងដែរ។ ខណៈនៅចុងឆ្នាំ២០២៤ ប្រទេសកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះគម្រោងហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ក្រោមគម្រោងត្រីភាគី ដែលមានអង្គការសហប្រជាជាតិ ប្រទេសកម្ពុជា និងប្រទេសជប៉ុន៕