(ភ្នំពេញ)៖ សមាគមស្វាយកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសារប្រកាសគាំទ្រចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការបដិសេធចោលបណ្តឹងត វ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ និងបានអះអាងថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺបង្ហាញអំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់សំខាន់ចំនួនពីរគឺ៖ (ទី១)-គោលការណ៍នៃការបកស្រាយច្បាប់ ដោយម៉ឺងម៉ាត់ដែលជាមូលដ្ឋានគ្រឹះនៃការអនុវត្តឱ្យបានត្រឹមត្រូវ (ច្បាប់ គឺជាច្បាប់ ហើយច្បាប់ ត្រូវតែអនុវត្តដោយម៉ឺងម៉ាត់) និង (ទី២)-គោលការណ៍ស្មើភាពគ្នារវាងគ្រប់គណបក្សនយោបាយ និងគណបក្សនយោបាយចំពោះមុខច្បាប់។

ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បង្ហាញយ៉ាងច្បាស់ដែរថា ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ត្រូវដើរទន្ទឹមគ្នានឹងនីតិរដ្ឋ ដែលជាគ្រឹះសម្រាប់ធានាដល់ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម របស់ប្រទេសជាតិសម្រាប់រយៈពេលយូរអង្វែង៕