(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំបើកពិធីផ្សព្វផ្សាយផែនការ៣ឆ្នាំរំកិល (២០២៣-២០២៥) កិច្ចការកុមារ ខេត្តបាត់

ដំបង ក្រោមអធិបតីភាពលោកស្រី ញឹក សាគន្ធ ប្រធានគ.ក.ស.ក និងជាប្រធានកិត្តិយសក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោងកិច្ចការពារកុមារខេត្ត និងលោកស្រី កែវ ដាណា អភិរងខេត្ត និងជាប្រធានក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោងកិច្ចការ ការពារកុមារខេត្ត។

ថ្លែងក្នុងឱកាសនោះ លោកស្រី កែវ ដាណា បានលើកឡើងថា ពិធីផ្សព្វផ្សាយសៀវភៅផែនការកិច្ចការពារកុមារ ខេត្តបាត់ដំបង សម្រាប់រយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដែលរៀបចំឡើង ដោយក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោងកិច្ចការពារកុមារខេត្តបាត់ដំបង ក្រោមជំនួយឧបត្ថម្ភទាំងថវិកា និងបច្ចេកទេស ពីអង្គការ UNICEF។

ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោងកិច្ចការពារកុមារ ខេត្តបាត់ដំបង លោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារ កិច្ចការពារកុមារខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស មន្ទីរ ស.អ.យ.ខេត្ត និងអង្គការ UNICEF ដែលបានសហការគ្នា ក្នុងការរៀបចំឲ្យមានជាផែនការកិច្ចការពារកុមារខេត្ត សម្រាប់រយៈពេល៣ឆ្នាំហើយដែលនឹងត្រូវប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់នៅក្នុងឱកាសនេះ។

លោកស្រី កែវ ដាណា ក៏បានកោតសរសើរដល់សមាជិក សមាជិកា និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ និងបានផ្តល់ជាធាតុចូលសំខាន់ៗ សំដៅធ្វើឲ្យសៀវភៅផែនការកិច្ចការពារកុមាររបស់ខេត្តបាត់ដំបង មានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។ មិនត្រឹមតែប៉ុណ្ណោះ ការអញ្ជើញមកចូលរួមរបស់គ្រប់អ្នកពាក់ព័ន្ធនៅក្នុងពិធីនាពេលនេះ ពិតជាមានសារៈសំខាន់បំផុត ពីព្រោះការងារកិច្ចការពារកុមារ គឺជាការងារដែលមានលក្ខណៈអន្តរវិស័យ ហើយគ្រប់ស្ថាប័ន អង្គភាព ត្រូវមានវិធានការការពារទប់ស្កាត់ និងដោះស្រាយលើបញ្ហាកុមារ ផ្តល់សេវាចាំបាច់នានា ដើម្បីអោយ កុមារអភិវឌ្ឍពេញលេញ និងដើម្បីទទួលបាននូវទំពាំងដ៏ល្អសម្រាប់ស្នងឬស្សី។

លោកស្រីសូមជម្រាបថា ចំពោះរដ្ឋបាលឃុំ សង្កាត់ ក្រៅពីការលើកឡើងអំពីសកម្មភាពកិច្ចការពារ កុមារនៅក្នុងកម្មវិធីវិនិយោគដែលត្រូវប្រើប្រាស់ធនធានមូលនិធិឃុំ សង្កាត់ ឬធនធានពីប្រភពផ្សេងៗ ឃុំ សង្កាត់ ក៏អាចលើកសកម្មភាពកិច្ចការកុមារនេះ មកថ្នាក់ ក្រុង ស្រុកដើម្បីជួយគាំទ្រផងដែរ។ ចំណែកនៅថ្នាក់ក្រុង ស្រុក ក្រៅពីធនធានមូលនិធិក្រុងស្រុក ក្រុង ស្រុក ក៏អាចលើកសកម្មភាពកិច្ចការពារកុមារនេះ ប្រចាំត្រីមាសដោយ ផ្អែកលើផែនការមេនេះ មកថ្នាក់ខេត្ត ដើម្បីថ្នាក់ខេត្តធ្វើការបូកសរុបផែនការសកម្មភាពទូទាំងខេត្ត សម្រាប់ធ្វើការស្នើសុំទៅក្រសួងមហាផ្ទៃ ក្នុងការគាំទ្រថវិកាដែលក្រសួងទទួលបានពីអង្គការយូនីសេហ្វ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។

អភិបាលរងខេត្តរូបនេះ ក៏បានថ្លែងអំណរគុណសាជាថ្មីម្ដងទៀតដល់ក្រសួងមហាផ្ទ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អ្នកពាក់ព័ន្ធផ្សេងៗទៀត ព្រមទាំងអង្គការយូនីសេហ្វ និងអង្គការដៃគូទាំងអស់ដែលធ្វើការនៅក្នុងខេត្តបាត់ដំបង ក្នុងការជួយជ្រោមជ្រែងទាំងបច្ចេកទេស និងថវិកា ដើម្បីធ្វើឲ្យផែនការរកិច្ចការកុមារខេត្តរបស់យើងអាចដាក់ផ្សព្វផ្សាយ នៅក្នុងថ្ងៃនេះផងដែរ៕